ព័ត៌មានបច្ចេកវិទ្យា

Nokia 6 ស៊េរី ២០១៨ ប្រកាសចេញជាផ្លូវការ ជាមួយបច្ចេកវិទ្យាសំឡេង OZO

បន្ទាប់ពីបែកធ្លាយព័ត៌មានចចាមអារ៉ាមកាលពីប៉ុន្មានសប្តាហ៍មុនរួចមក នៅថ្ងៃសុក្រមិ្សលមិញ ក្រុមហ៊ុន HMD Global បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថ្នាក់កណ្តាល Nokia 6 ជំនាន់ទី២ ដោយពាំនាំមកជាមួយបច្ចេកវិទ្យាសំឡេង OZO និងការបង្កើនសមត្ថភាពផ្នែក Hardware និង Software មួយចំនួនតូច។

Nokia 6 ស៊េរីឆ្នាំ 2018 នេះ ត្រូវបានផលិតឡើងដោយមិនខុសគ្នាប៉ុន្មានពីជំនាន់មុនរបស់វានោះទេ ដោយក្រុមហ៊ុនគ្រាន់តែផ្លាស់ប្តូរទីតាំងបន្ទះស្កេនក្រយៅដៃពីប៊ូតុង Home ទៅដាក់នៅខាងក្រោយ ក្រោមភ្នែកកាមេរ៉ា។ ម្យ៉ាងទៀតការផ្លាស់ប្តូរនេះ គឺមិនមែនដើម្បីបន្សល់ចន្លោះសម្រាប់ពង្រីកទំហំអេក្រង់នោះដែរ ដោយវានៅតែរក្សាទំហំ ៥.៥ អីុញ ខ្នាត ១៦:៩ និងប្រើ RAM ទំហំ ៤ ជីហ្គាបៃយ៍ កាមេរ៉ាមុខ/ក្រោយទំហំ ៨/១៦ មេហ្គាភិចសែល ដូចជំនាន់មុនដដែល។

ក្រៅពីនេះ គឺវាប្រើប្រាស់បន្ទះឈីប Snapdragon 630 ខ្ពស់ជាងម៉ូឌែលមុន ដែលប្រើ Snapdragon 430 ហើយអាចថតសំឡេង 3D ក្រោយជំនួយពីបច្ចេកវិទ្យា OZO Audio ថ្មី និងមានបន្ថែមមុខងារថតរូប Selfie ថ្មីមួយ។

ដោយឡែក ប្រព័ន្ធ Android នៅរក្សាត្រឹមជំនាន់ Nougat 7.1 បើទោះក្រុមហ៊ុនសន្យាពាំនាំ Android Oreo សម្រាប់ផលិតផលស្មាតហ្វូនរបស់ខ្លួនយ៉ាងណាក៏ដោយ។

Nokia 6 ស៊េរី ២០១៨ ចាប់ផ្តើមបើកទទួលការកម្ម៉ង់ទិញទុកមុនពីថ្ងៃនេះ សម្រាប់ទីផ្សារប្រទេសចិន ជាមួយជម្រើសពណ៌ចំនួន ២ គឺ ខ្មៅលាយស៊ុមទឹកមាស និងសលាយស៊ុមក្រហម ហើយវានឹងចាប់ផ្តើមចែកចាយដល់ដៃអតិថិជននៅថ្ងៃទី ១០ មករា ជាមួយតម្លៃពី ២៣០ ដុល្លារ ដល់ ២៦០ ដុល្លារ។

សម្រាប់ទីផ្សារកម្ពុជា យើងសង្ឃឹមថា ក្រុមហ៊ុន KTH ក៏នឹងនាំចូលម៉ូឌែលថ្មីនេះមកនាពេលឆាប់ៗខាងមុខនេះផងដែរ៕

ប្រភពព័ត៌មានៈ Nokia

មតិយោបល់