
ប្រទេសសិង្ហបុរី បានបើកបង្ហាញរថយន្តល្បឿនផ្លេកបន្ទោរដើរដោយថាមពលអគ្គីសនី ១០០% លើកដំបូងបង្អស់របស់ខ្លួន សម្រាប់យកទៅតាំងបង្ហាញនៅឯពិព័រណ៍រថយន្តសកលមួយ នារយៈពេលពីរខែខាងមុខ។
រថយន្តដែលមានកម្លាំងថាមពលរហូតដល់ ១,៥០០ សេះនេះ មានឈ្មោះថា Dendrobium។ វាគឺជាសមិទ្ធផលរបស់ក្រុមហ៊ុន Venda Electrics ដែលទើបត្រូវបានបង្កើតឡើងដោយក្រុមឧស្សាហកម្មគ្រួសារ Wong Fong ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតរថយន្តស្ទួច និងរថយន្តលើកដាក់ឥវ៉ាន់របស់ប្រទេសសិង្ហបុរី។

រថយន្តកំពូលល្បឿន Dendrobium ត្រូវបានរំលេចរូបរាងជាមួយតួខ្លួនស្រោបដោយសារធាតុសសៃកាបូន និងលោហៈអាលុយមីញ៉ូមដ៏ល្អប្រណិត ហើយវាត្រូវបានផលិតឡើងដោយមានជំនួយពីក្រុមវិស្វករ Williams Advanced Engineering ដ៏ល្បីល្បាញរបស់ក្រុមហ៊ុនរថយន្តប្រណាំង Formula One។
ក្រុមហ៊ុន Venda និង Williams គ្រោងនឹងតាំងបង្ហាញកំពូលរថយន្តអគ្គីសនីមហាល្បឿននេះ នៅឯពិព័រណ៌រថយន្តមួយនាទីក្រុងហ្សឺណែវ ក្នុងខែមិនា រួមជាមួយមហារថយន្តកម្លាំងយក្សផ្សេងៗទៀត ដែលមកពីគ្រប់ទិសទីនៅជុំវិញពិភពលោក៕

ប្រភពព័ត៌មាន៖ mashable
មតិយោបល់