ព័ត៌មានបច្ចេកវិទ្យា

ដឹងកាលបរិច្ឆេទចេញ LG G7 និងលក្ខណៈសម្បត្តិសំខាន់ៗវាមួយចំនួនហើយ!

យោងតាមប្រភពព័ត៌មានពីគេហទំព័រកូរ៉េ ET News បានឱ្យដឹងថា កំពូលស្មាត ហ្វូនស៊េរីបន្ទាប់ G7 របស់ក្រុមហ៊ុន LG នឹងប្រកាសចេញនៅក្នុងខែមេសា ពោល គឺ យឺតជាងកាលប្រកាសចេញ G6 មួយខែ ដោយក្រុមហ៊ុនចង់ផ្តោតទៅលើសម ត្ថភាព និងមុខងារប្រើប្រាស់ បំពេញតាមតម្រូវការអតិថិជន។

ប្រភពដដែលឱ្យដឹងបន្ថែមថា LG បានទទួលស្គាល់ថា ខ្លួននឹងប្រកាសចេញ G7 ជាមួយសេវាកម្មគមនាគមន៍ចំនួន ៣ នៅក្នុងខែមេសា ហើយបើទោះជាថ្ងៃប្រកាសចេញត្រូវពន្យាពេលក៏ដោយ ក៏ការចែកចាយលក់ក្នុងស្រុកនឹងមិនអូសបន្លាយដល់ខែឧសភាឡើយ។ បើយោងតាម ET News ដដែល ចង្វាក់ផលិតកម្ម LG G7 នឹងចាប់ផ្តើមក្នុងទ្រង់ទ្រាយធំនៅខែមិនា ហើយអតិថិជនក្នុងប្រទេសនឹងអាចជាវវាយកទៅប្រើក្រោយថ្ងៃទី ២០ មេសា។

យោងតាមប្រភពពី Phone Arena ប្រធានផ្នែកអាជីវកម្មគមនាគមន៍ចល័តរបស់ LG លោក Hwang Jung-hwan បាននិយាយថា ខ្លួនមិនបារម្ភពីការចេញលក់មុនរបស់ Galaxy S9 និង S9+នៅពាក់កណ្តាលខែមិនានោះទេ ដោយក្រុមហ៊ុន​ផ្តល់អាទិភាពទៅលើ​ភាពខុសគ្នានៃ G7 ធៀបទៅនឹងស្មាតហ្វូនក្រុមហ៊ុនដទៃ។

ប្រភពដដែលបានឱ្យដឹងទៀតថា G7 នឹងបំពាក់បន្ទះឈីប Snapdragon 845 ដែលជាឈីប CPU ជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Qualcomm ហើយនឹងប្រើប្រាស់អេក្រង់ OLED ជំនាន់ថ្មីរបស់ V30 ជាមួយរចនាបទគែមស្តើង។

ក្រៅពីនេះ វានឹងបំពាក់កាមេរ៉ាភ្លោះមុខ/ក្រោយ មានមុខងារស្គេនផ្ទៃមុខសម្រាប់ដោះសោ ប្រើ RAM ទំហំ 6GB ស្រោបដោយខាលការពារទឹកជ្រាប និងការប្រលាក់ធូលីដីស្តង់ដា IP68 គាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ និងមានវិទ្យុ FM ទៀតផង៕

មតិយោបល់