អ្នកដែលតាមដានដំណឹងបច្ចេកវិជ្ជាជាប្រចាំ ប្រហែលជាបានឮរួចទៅហើយអំពីវិធីសាស្រ្តនេះ គឺថា Google Drive មានលក្ខណៈពិសេសថ្មី អាចផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក្នុងការផ្ទេរទិន្នន័យពីទូរស័ព្ទ iPhone ទៅកាន់ឧបករណ៍ Android ដទៃទៀតបាន។
ចុះប្រិយមិត្តប្រើប្រាស់មុខងារថ្មីរបស់ Google Drive ដឹងទេថា ដើម្បីផ្ទេរទិន្នន័យឲ្យបានងាយស្រួលពី iPhone ទៅ Android ត្រូវធ្វើតាមរបៀបណា? បើសិនជាប្រិយមិត្តខ្លះមិនទាន់ជ្រាបទេ ចូរមើលតាមការណែនាំខាងក្រោម៖
១- ជាដំបូងសូមប្រាកដថា អ្នកបានដំឡើងកំណែចុងក្រោយបំផុតនៃកម្មវិធី Google Drive លើលើ iPhone របស់អ្នក ហើយប្រសិនបើអ្នកមិនទាន់ទេ សូមចូលទៅកាន់ហាងកម្មវិធី App Store រួចស្វែករកកម្មវិធី Google Drive បន្ទាប់មកសូមធ្វើការទាញយកវា។
២- បន្ទាប់មកទៀត បើកកម្មវិធី Google Drive រួចវាយបញ្ចូលគណនី Gmail ដែលអ្នកនឹងត្រូវប្រើវានៅលើទូរស័ព្ទដៃ Android របស់អ្នក ហើយចុះប៉ះលើរូបតាងមឺនុយ ដែលមានសញ្ញាត្រេបីជួរ (ស្ថិតនៅផ្នែកខាងឆ្វេង ) -> បន្ទាប់មក ជ្រើសយក “Settings -> Backup”។
៣- ជាធម្មតា Google Drive នឹងធ្វើការរក្សាទុកទិន្នន័យនៅលើប្រព័ន្ធ iOS មានដូចជា Contact, Calendar Events, Photo and Videos ពីក្នុងទូរស័ព្ទដៃ iPhone របស់អ្នកទៅដាក់ក្នុងគណនី Google Drive។ ប្រសិនបើអ្នកមិនចង់បានទិន្នន័យណាមួយយកមករក្សាទុកទេ សូមចុចលើវា (Contact ឬ Calendar Events ឬ Photo and Videos) នៅពេលដែលលោតចេញផ្ទាំងបន្ទាប់ សូមទាញប៊ូតុងបិទ/បើកពណ៌ខៀវ ដើម្បីដកចេញមិនធ្វើការរក្សាទុក។
៤- បន្ទាប់មកទៀត សូមចុចលើប៊ូតុង START BACKUP រួចរង់ចាំរហូតដល់ដំណើរការចប់។
ចំណាំ៖ ដំណើរការនេះ អាចចំណាយពេលរហូតដល់ ២ ទៅ ៣ ម៉ោង តាមទំហំឯកសាររបស់អ្នកប្រើប្រាស់។ ចំណែកឯការរក្សាទុកទិន្នន័យនេះគឺថាជាធម្មតា Google Drive អនុញាតឲ្យអ្នកប្រើប្រាស់បានត្រឹមតែ 15GB តែប៉ុណ្ណោះ។
បញ្ជាក់៖ ប្រសិនបើអ្នកមិនទាន់បានបញ្ចូលគណនី Google នៅលើទូរស័ព្ទដៃ Android នោះទេ សូមចូលទៅកាន់កម្មវិធី Settings -> Accounts បន្ទាប់មក ចុចយកពាក្យថា Add account -> Google រួចវាយបញ្ចូលគណនី Google ដោយលម្អិត។ នៅពេលដែលអ្នកបានធ្វើការរួចរាល់ហើយ ទិន្នន័យដែលបានរក្សាទុកពីប្រព័ន្ធ iOS នៅលើ iPhone នឹងបង្ហាញនៅលើទូរស័ព្ទដើរដោយប្រព័ន្ធ Android របស់អ្នកដោយស្វ័យប្រវត្តិ៕
មតិយោបល់