ព័ត៌មានបច្ចេកវិទ្យា

មេ Samsung ទទួលស្គាល់ Galaxy S9 & S9+ នឹងប្រកាសចេញខែកុម្ភៈ

អស់ពេលជាច្រើនខែមកហើយដែលព័ត៌មានជុំវិញស្មាតហ្វូនលំដាប់កំពូលស៊េរីបន្ទាប់របស់ក្រុមហ៊ុន Samsung ត្រកូល Galaxy S ត្រូវបានលេចឮជាហូរហែ រួមទាំងកាលបរិច្ឆេទនៃថ្ងៃប្រកាសចេញរបស់វាផងដែរ ថានឹងធ្វើឡើងនៅអំឡុង​ខែមិនា

មិនខុសឆ្ងាយប៉ុន្មានពីព័ត៌មានក្រៅផ្លូវការទាំងនោះ ដោយនៅក្នុងវេទិកាសន្និសីទកាសែត​មួយនាពិព័រណ៍ CES 2018 ថ្ងៃអង្គារ ទី០៩ ប្រធានក្រុមហ៊ុន Samsung Mobile លោក​ DJ Koh បានប្រាប់ថា ខ្លួននឹងប្រកាសចេញ Galaxy S9/S9+ ក្នុងព្រឹត្តិការណ៍សមាជទូរសព្ទចល័តពិភពលោក WMC 2018 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ កុម្ភៈ ដល់ថ្ងៃទី ០១ មិនា នាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

ទោះបីជាលោក Koh មិនបានគូសបញ្ជាក់ពីថ្ងៃបរិច្ឆេទជាក់លាក់ក៏ដោយ ក៏ជឿថាក្រុមហ៊ុននឹងធ្វើការបើកបង្ហាញ Galaxy ស៊េរី S ថ្មី នៅថ្ងៃដំបូងនៃពិព័រណ៍​ ឬ មួយថ្ងៃមុនកម្មវិធីបានចាប់ផ្តើម ឬមុនការប្រកាសចេញរបស់គូប្រជែងខ្លួនដូច​ជា HTC និង LG។ ពោលគឺ បើមិននៅថ្ងៃទីទី ២៥ ក៏នៅថ្ងៃទី ២៦ នោះដែរ។

បន្ថែមពីលើនោះ គេរំពឹងថា Galaxy S ជំនាន់ទី ៩ នឹងចេញលក់លើទីផ្សារនៅពាក់កណ្តាលខែមិនា ពោលគឺ ក្រោយថ្ងៃប្រកាសចេញប្រមាណពីរសប្តាហ៍ ដូចតាមទម្លាប់៕

អានបន្ថែមៈ លក្ខណៈសម្បត្តិសំខាន់ៗរបស់ Galaxy S9 ដែលបានបែកធ្លាយចុងក្រោយ

មតិយោបល់