យោងតាមរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung បានសម្រេចតែងតាំងនាយកគ្រប់គ្រងថ្មីប្រចាំតំបន់អាមេរិកខាងជើង និងអឺរ៉ុប បន្ទាប់ពីអតីតប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនប្រចាំតំបន់អាមេរិកខាងជើង គឺលោក Gregory Lee បានចាកចេញទៅកាន់មុខតំណែងជាប្រធាននៃក្រុមហ៊ុន Nokia Technologies ថ្មីៗនេះ។
មុនពេលប្តូរទៅកាន់ការថ្មីនៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Nokia លោក Lee បានបម្រើការងារនៅក្រុមហ៊ុន Samsung Electronics អស់រយៈពេល ១៣ ឆ្នាំ ក្នុងមុខតំណែងជាប្រធាន និងប្រមុខដឹកនាំទីផ្សារសកលសម្រាប់តំបន់អាសីុអាគ្នេយ៍ មុនពេលលោកត្រូវបានតែងតាំងជាថ្នាក់ដឹកនាំសាខារបស់ក្រុមហ៊ុនប្រចាំតំបន់អាមេរិកខាងជើងក្នុងឆ្នាំ ២០១៣។
ទោះយ៉ាងណា ទាក់ទងទៅនឹងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ក្រុមហ៊ុន Samsung ពុំបានផ្តល់សេចក្តីអធិប្បាយអ្វីនោះទេ គ្រាន់តែនិយាយថា នេះគឺជាសិទ្ធិសម្រេចរបស់លោក Lee។
គួរបញ្ជាក់ថា អាមេរិកខាងជើងគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េខាងត្បូង ខណៈវាបានផ្តល់នូវប្រាក់ចំណូលសរុប ៣៤ ភាគរយ ទៅដល់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៦ ដែលស្មើនឹងទឹកប្រាក់ចំនួន ១៧៥ ពាន់លានដុល្លារ។
ប្រមុខដឹកនាំក្រុមហ៊ុន Samsung ប្រចាំតំបន់អឺរ៉ុប គឺលោក Eom Young-hoon នឹងចូលមកជំនួសតួនាទីរបស់លោក Lee នៅអាមេរិកខាងជើង ហើយអតីតប្រធានផ្នែកទីផ្សារសម្រាប់អាជីវកម្មអេក្រង់រូបភាពរបស់ក្រុមហ៊ុន គឺលោក Kim Moon-soo នឹងចូលមកកាន់ការនៅតំបន់អឺរ៉ុប៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់