កាលពីថ្ងៃប្រកាសចេញនៅខែកញ្ញា iPhone X ត្រូវបានលោក Tim Cook ប្រធានក្រុមហ៊ុន Apple និយាយថា វាបានពាំនាំមកនូវបច្ចេកវិទ្យាថ្មីសម្រាប់ពិភពលោករយៈពេល ១០ ឆ្នាំខាងមុខ។ ប៉ុន្តែ ដោយសារតែតម្លៃខ្ពស់កប់ស៊េរី គឺចាប់ពី ៩៩៩ ដុល្លារឡើង ក្រោយចេញលក់បានមួយរយៈ ពោលគឺក្នុងត្រីមាសទី១ ឆ្នាំ ២០១៨ តម្រូវការ iPhone X បានស្គាល់ការធ្លាក់ចុះទាបជាងការរំពឹងទុក រហូតដល់ក្រុមហ៊ុនត្រូវបង្ខំចិត្តកាត់បន្ថយការផលិត។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមអ្នកវិភាគផលិតផល Apple បានទស្សទាយឃើញថា ផលិតកម្ម iPhone X អាចនឹងត្រូវបឈ្ឈប់មុនការមកដល់នៃជំនាន់បន្ទាប់របស់វា នៅរដូវក្តៅខាងមុខ ដោយសារការតែភាពកម្សោយនៃតម្រូវការលើទីផ្សារ។
នៅក្នុងរបាយការណ៍ស្រាវជ្រាវមួយធ្វើឡើងដោយក្រុមអ្នកវិភាគមកពីក្រុមហ៊ុន KGI Securities បានព្យាករណ៍ឃើញថា ការលក់ចេញទូរសព្ទ iPhone X ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៨ គឺបានចំនួន ១៨ លានគ្រឿង ដែលតួលេខនេះ បង្ហាញពីការលក់ធ្លាក់ចុះគួរឱ្យកត់សម្គាល់ធៀបទៅនឹង iPhone ម៉ូឌែលមុនៗ។
អ្នកវិភាគផលិតផល Apple ដ៏ល្បីល្បាញ Ming Chi Kuo បានឱ្យដឹងថា កង្វះខាតនៃតម្រូវការ នឹងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកបញ្ចប់ជីវិត iPhone X ដោយឈប់ផលិតចេញ ដើម្បីលក់ជូនអតិថិជនក្នុងតម្លៃមួយទាបជាងមុន នៅពេល iPhone ម៉ូឌែលថ្មីចេញនោះទេ។ តែចំណែក iPhone 8 និង 8 Plus ទំនងជានឹងបន្តការលក់ដដែល៕
ប្រភពព័ត៌មានៈ newsfeed
មតិយោបល់