ព័ត៌មានបច្ចេកវិទ្យា

Samsung នឹងនាំយកកាមេរ៉ាភ្លោះទៅស្មាតហ្វូនថ្នាក់កណ្តាល និងទាប

បច្ចុប្បន្ន ស្មាតហ្វូនដែលបំពាក់កាមេរ៉ាភ្លោះដែលអាចថតរូបបែប Portrait ឬព្រាលក្រោយច្បាស់មុខ ភាគច្រើនគឺមានតម្លៃថ្លៃ ប៉ុន្តែ Samsung នឹងផ្លាស់ប្តូររឿងនេះ។

កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ក្រុមហ៊ុនបានប្រកាសចេញ Sensor កាមេរ៉ាទូរសព្ទថ្មីមួយមានឈ្មោះថា Isocell Dual Image ដែលវាត្រូវបានរចនាឡើងជាពិសេសសម្រាប់ផ្តល់សមត្ថភាពថតរូបខាងលើដល់ពពួកស្មាតហ្វូនតម្លៃមធ្យម និងទាប។

Isocell Dual Image គឺជាបច្ចេកវិទ្យាកាមេរ៉ាភ្លោះថ្មី ដែលផ្តល់នូវដំណោះស្រាយ​លើតម្លៃថ្លៃដើមក្នុងការផលិត តាមរយៈការច្របាច់បញ្ចូលគ្នារវាង Software និង Hardware ជួយឱ្យវាត្រូវការសមាសភាគផ្សំតិច ខុសពីបច្ចេកវិទ្យាកាមេរ៉ាភ្លោះលើ Note 8 ដែលត្រូវការ Software ពីខាងក្រៅ និងគ្រឿងបន្សំបន្ថែមច្រើន។

Sensor ថ្មីនោះដែរ មានជម្រើសទំហំ ១៣ និង ៥ មេហ្គាភិចសែល ហើយវាអាចផ្តិត​យករូបភាពច្បាស់មុខព្រាលក្រោយបានយ៉ាងល្អ ហើយវាក៏ផ្តល់នូវដំណោះស្រាយ​ថតក្នុងទីដែលមានពន្លឺទាប តាមរយៈ Sensor កាមេរ៉ាភ្លោះទំហំ ៨ មេហ្គា​ភិច​សែល​។

លោក Ben K.Hur នាយករងទីផ្សារ System LSI របស់ក្រុមហ៊ុន Samsung បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ ​បច្ចេកវិទ្យាកាមេរ៉ាភ្លោះថ្មី Isocell Dual Image នឹងផ្តល់ជូននូវបទពិសោធថតរូបលើទូរសព្ទដៃដ៏គួរឱ្យភ្ញាក់ផ្អើលដល់អតិថិជនកាន់តែច្រើនឡើងថែមទៀត។

គួររំឭកថា កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Samsung ក៏បានបង្កើតចេញនូវបច្ចេកវិទ្យា Dual-Pixel (កាមេរ៉ាមួយមាន Sensor ភិចសែលពីរ) ដែលមានសមត្ថភាពថតរូបស្រដៀងនឹងកាមេរ៉ាភ្លោះអីចឹងដែរ៕

ប្រភពព័ត៌មានៈ digitaltrend

 

មតិយោបល់