ព័ត៌មានបច្ចេកវិទ្យា

អ្នកប្រាជ្ញរូបវិទ្យា Stephen Hawking ទទួលអនិច្ចកម្មហើយ! ក្នុងវ័យ ៧៦ ឆ្នាំ

អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញ គឺលោក Stephen Hawking បានទទួលមរណភាពយ៉ាងស្ងប់សុខក្នុងជន្មាយុ ៧៦ ឆ្នាំ ក្នុងគេហដ្ឋានលោក នាទីក្រុង Cambridge នៅប៉ុន្មានម៉ោងមុន។ នេះបើយោងតាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយនៅមុននេះ។

កូនៗរបស់លោក Hawking គឺ Lucy, Robert និង Tim បាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា៖ យើងមានការសោកស្តាយជាពន់ពេកដែលឱពុកជាទីស្រឡាញ់របស់យើងបានលាចាកលោកទៅដោយគ្មានថ្ងៃវិលវិញនៅថ្ងៃនេះ។

សេចក្តីដដែលបន្តទៀតថា៖ គាត់គឺជាអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ និងជាមនុស្សអច្ឆរិយៈម្នាក់ ហើយការងារ និងឧត្តម្ភភាពរបស់គាត់ នឹងរស់នៅឋិតថេរជារៀងរហូត។ ភាពក្លាហាន និងអត់ធ្មត់ជាមួយនឹងប្រាជ្ញាស្មារតីដ៏ខ្ពង់ខ្ពស់របស់គាត់ បានក្លាយជាគំរូដ៏ល្អសម្រាប់មនុស្សនៅទូទាំងពិភពលោក។

គាត់បាននិយាយនៅគ្រាមួយថា «ចក្រវាឡនេះ នឹងមិនមានអ្វីច្រើននោះទេ បើវាមិនមែនជាផ្ទះរបស់មនុស្សដែលអ្នកស្រឡាញ់នោះ» យើងនឹងនឹកដល់គាត់ជារៀងរហូត។

គួររំឭកថា​ លោក Stephen Hawking កើតនៅក្នុងឆ្នាំ ១៩៤២ នាទីក្រុង Oxfordshire ហើយបានបន្តការសិក្សានៅឯសកលវិទ្យាល័យ Oxford និង Cambridge។ គាត់បានសរសេរសៀវភៅជាច្រើន និងឈ្នះពាន់រង្វាន់ជាបន្តបន្ទាប់នៅក្នុងអាជីពជាអ្នកវិទ្យាសាស្រ្ត និងរូបវិទ្យាសាស្រ្តរបស់លោក៕

 

មតិយោបល់