ព័ត៌មានបច្ចេកវិទ្យា

Spotify បដិសេធការទិញយកពី SoundCloud ដោយសារហេតុផលមួយ!

Spotify ដែលជាក្រុមហ៊ុនផ្តល់សេវាចាក់ផ្សាយបទចម្រៀងថ្មីៗលើប្រព័ន្ធអ៊ីនធើណែត និងលើស្មាតហ្វូនដ៏មានប្រជាប្រិយភាព បានទាត់​ចោលការចរចារទិញក្រុមហ៊ុនរបស់ខ្លួន ពីក្រុមហ៊ុនគូប្រជែង SoundCloud ដែលបានចាប់ផ្តើមនៅប៉ុន្មានខែមុននេះ។ នេះបើតាមសេចក្តីរាយការណ៍បោះផ្សាយលើទំព័រ TechCrunch ដោយដកស្រង់ចេញពីប្រភពពាក់ព័ន្ធ។

កាលពីខែកញ្ញា សារព័ត៌មាន The Financial Times បានធ្វើសេចក្តីរាយការណ៍ថា សហគ្រាសតំបន់អឺរ៉ុបទាំងពីរនេះ បានឈានដល់ការជជែកអំពីការទិញយកក្រុមហ៊ុន Spotify។ ឥឡូវនេះសារព័ត៌មាន TechCrunh បានរាយការណ៍មកថា ការពិភាក្សាត្រូវបានបិទបញ្ចប់ហើយ ដោយសារតែក្រុមហ៊ុន Spotify ខ្លាចកិច្ចព្រមព្រៀងទិញលក់នេះ ជះឥទ្ធិពលអវិជ្ជមានលើគម្រោងការ IPO (Initial Public Offering) ថ្មីនាឆ្នាំក្រោយរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា៖ គម្រោងការ IPO នេះ មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ច្បាស់ថា ជាអ្វីឲ្យប្រាកដនៅឡើយទេ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានលើកឡើងថា កម្មវិធី Spotify បានត្រៀមខ្លួនជាស្រេចក្នុងការវាយលុកទីផ្សារឆ្នាំក្រោយ បើទោះបីជាក្រុមហ៊ុនមិនទាន់បានប្រកាសជាផ្លូវការក៏ដោយ។

ផ្លាកយីហោ Spotify ត្រូវបានដាក់ចំកណ្តាល រវាងកិច្ចពិភាក្សារតាមរយ:កុំព្យូទ័រ ខាងក្នុងការិយាល័យក្រុមហ៊ុនផ្សាយចម្រៀងអនឡាញនេះ នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ ២០១៦។

សម្តីចេញពីប្រភព TechCrunh ថា៖ «Spotify មិនត្រូវការអាជ្ញាប័ណ្ណអ្វីឱ្យឈឺក្បាលបន្ថែមទៀតទេ ដោយសារឆ្នាំក្រោយគេមានគម្រោងផ្តល់ជូនជាសាធារណ:សម្រាប់លើកដំបូង (IPO)» នេះជាការពន្យល់អំពីមូលហេតុដែលក្រុមហ៊ុន Spotify សម្រេចដើរចេញពីការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន SoundCloud។ ក្រុមហ៊ុនទាំងពីរបានធ្វើការបដិសេធមិនផ្តល់ការអត្ថាធិប្បាយអ្វីឡើយ ខណ:ពេលដែលសារព័ត៌មាន CNBC បានទាក់ទងទៅកាន់ពួកគេ។

ក្រុមហ៊ុន SoundCloud បានបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុន Spotify តាំងពីដើមឆ្នាំនេះមកម្លេះ ក្រោយពេលដែលគេបានពង្រីកសេវាផ្សាយចម្រៀងទៅកាន់ចក្រភពអង់គ្លេស និងអៀរឡង់។ ក្រុមហ៊ុនចំណាស់ ៨ ឆ្នាំនេះ អនុញាតឲ្យអ្នកប្រើប្រាស់ធ្វើការបង្ហោះបទភ្លេងដែលខ្លួនមាននៅលើបណ្តាញរបស់គេគ្រប់ៗគ្នា និងត្រូវបានគេចាត់ទុកថា ជាប្រភពសម្រាប់ស្វែងរកបទភ្លេង DJ បង្កើតថ្មី និងប្លែកៗ ព្រមជាមួយបទភ្លេងបែប Remix ជាច្រើនផ្សេងទៀត។

សម្រាប់កម្មវិធី Spotify វិញ គឺកំពុងប្រឈមមុខនឹងសេវាកម្មរបស់ដៃគូប្រកួតប្រជែងផ្សេងៗជាច្រើន ជាពិសេសគឺ Apple Music ដែលត្រូវបានប្រកាសថ្មីៗនេះថា មានអតិថិជនជាវឡើងដល់ចំនួន ២០ លាននាក់ហើយ។ ប៉ុន្តែសរុបមកគឺបានត្រឹមពាក់កណ្តាលនៃចំនួនអតិថិជនរបស់ក្រុមហ៊ុន Spotify ប៉ុណ្ណោះ ដោយគិតត្រឹមពេលវេលាដូចគ្នានេះ ក្រុមហ៊ុនមានអ្នកប្រើសេវាកម្មរបស់ខ្លួន ៤០ លាននាក់៕

មតិយោបល់