ព័ត៌មានបច្ចេកវិទ្យា

Apple អាចនឹងកំពុងធ្វើការលើក្តារចុចប្រភេទថ្មី ជំនួសឱ្យក្តារចុចគ្រាប់

ក្រុមហ៊ុន Apple បានដាក់ស្នើជាម្ចាស់កម្មសិទ្ធិលើប៉ាតង់ក្តារចុចប្រភេទថ្មីមួយទៅកាន់គណកម្មការ USPTO ដោយវាជាប្រភេទប៉ះបញ្ជា ខុសពីក្តារចុចបច្ចុប្បន្ន។ ទោះយ៉ាងណា ក្រុមហ៊ុននៅមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ មុននឹងអាចប្រែក្លាយវាទៅជាការពិតបាន។

បញ្ហាបឋមគឺ ការប៉ះបញ្ជាទៅលើផ្ទៃក្តារចុចពុំផ្តល់អារម្មណ៍ដល់អ្នកចុច ដូចជាក្តារចុចគ្រាប់ធម្មតា។ ម្យ៉ាងទៀត ខណៈដែលវាមានផ្ទៃរាបស្មើដូចជាផ្ទៃអេក្រង់ ដូច្នេះ អ្នកប្រើនឹងពិបាកស្ទាបដឹងថាខ្លួនកំពុងចុចលើប៊ូតុងណាមួយ ហើយការដែលងាយនឹងប៉ះច្រឡំក៏ជាក្តីកង្វល់ផងដែរ។

ក្រុមហ៊ុននិយាយថា បញ្ហាទាំងនេះ ប្រហែលអាចដោះស្រាយបានតាមរយៈការប្រើបន្ទុកអគ្គីសនីស្តាទិចដើម្បីជួយរំញោចអារម្មណ៍អ្នកប្រើប្រាស់ឱ្យដឹងពីគែមនៃក្តារចុចនៅពេលដែលពួកគេចុចប៉ះ។
តាមរយៈប៉ាតង់នោះដែរ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសនូវកម្រិតនៃកម្លាំងសង្កត់ទៅលើផ្ទៃក្តារចុចត្រង់គ្រាប់ចុចជាក់លាក់ផ្សេងៗទៅតាមតម្រូវការរបស់ខ្លួនផងដែរ។

ទោះយ៉ាងណា គំរូរចនាបទបច្ចេកវិទ្យាក្តារចុចថ្មីនេះ គឺឋិតនៅត្រូវជាគំរូប៉ាតង់ប៉ុណ្ណោះ។ នេះមានន័យថា ក្រុមហ៊ុន Apple ត្រូវការរយៈពេលយូរតទៅទៀតមុននឹងអាចផលិតចេញជាផលិតផលសម្រេចសម្រាប់អតិថិជន៕

ប្រភពព័ត៌មានៈ iphonehacks

មតិយោបល់