មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលកំពូលតារាថៃល្បីឈ្មោះដែលត្រូវបានមហាជនខ្មែរស្គាល់ច្បាស់ភាគច្រើនតាមរយៈភាពយន្ត គឺលោក ឆាគិត យ៉ែមណាម បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»ដែលជាភាពយន្តមួយមានការសម្ដែងដោយតារាល្បីមកពី៣ប្រទេស គឺពីកម្ពុជា ឡាវ និងថៃខ្លួនឯង។
នេះជាការបង្ហាញខ្លួនជាផ្លូវការលើកដំបូងសម្រាប់ការបើកបង្ហាញភាពយន្តដែលលោកបានសម្ដែងនៅក្នុងភាពយន្តដែលមានតារាកម្ពុជា និងឡាវសម្ដែងរួមជាមួយ តែមិនមែនមិនមែនជាលើកទី១នោះទេ ដែលលោកបានមកកម្សាន្តនៅភ្នំពេញ និងនៅតំបន់ផ្សេងទៀតនៅកម្ពុជា។
លោក ឆាគិត យ៉ែមណាម បានថ្លែងក្នុងពិធីសម្ពោធរឿងនោះថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានរួមសម្ដែងជាមួយតារាឡាវ នៅក្នុងភាពយន្តមួយដែលមានតារាខ្មែរជាច្រើនរូបបានសម្ដែងរួមជាមួយ។ លោកថាភាពយន្តនេះ លោកគឺជាតួអង្គដែលត្រូវសម្ដែងនៅលើទឹកដីឡាវ ជាមួយតារាស្រីឡាវ ហើយតារាស្រីថៃមួយរូបទៀតគឺកញ្ញា ណាតតាទីដា ដាំរ៉ុងវិសិដ្ឋ បានសម្ដែងជាមួយតារាកម្ពុជាគឺលោក ខាត់ វ៉ៃហាំង នៅក្នុងប្រទេសកម្ពុជា ដោយភាពយន្តនេះ មានខ្លឹមសាររំលេចនូវវប្បធម៌ក្នុងថ្ងៃចូលឆ្នាំរបស់ប្រទេសទាំង៣ និងបង្ហាញពីទិដ្ឋភាពស្រស់ស្អាតជាច្រើននៅតាមដងទន្លេមេគង្គរបស់ប្រទេសទាំង៣។ លោកថាគឺជាការលំបាក ដែលតារាទាំង៣ជាតិសាសន៍មិនអាចនិយាយគ្នាជាភាសាតែមួយបាន ប៉ុន្តែតារាទាំងអស់នៅតែសម្ដែងបានស៊ីសង្វាក់គ្នា ដោយបានទាំងរំលេចសាច់រឿងយ៉ាងល្អ គួរអោយចាប់អារម្មណ៍ក្រោយពេលដាក់បញ្ចាំងនោះផង។ លោកថាភាពយន្តមួយនេះ រំលេចទាំងស្រុងនូវភាពកំប្លុកកំប្លែង ស្នេហា និងសំខាន់ជាងគេផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់ប្រទេសទាំង៣ និងចង់បង្ហាញអោយឃើញពីវប្បធម៌ក្នុងថ្ងៃចូលឆ្នាំរបស់ប្រទេសទាំង៣តែម្ដង។
លោក អ៉ិន សុភិន សហផលិតករដែលបានផលិតភាពយន្តមួយនេះជាមួយក្រុមថៃ បានអះអាងថាភាពយន្តរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» គឺជារឿងដែលខាងផលិតករថៃ ធ្វើឡើងក្នុងគោលបំណងរំលេចអោយឃើញពីទំនាក់ទំនង និងវប្បធម៌របស់ប្រទេស៣នៅក្នុងតំបន់ទន្លេមេគង្គ គឺថៃ ឡាវ និងកម្ពុជា ដោយឈុតឆាកមួយចំនួន ក៏បានថតផ្ដិតនូវទិដ្ឋភាពដងទន្លេមេគង្គរបស់ប្រទេសទាំង៣ ដើម្បីបង្ហាញពីសម្រស់ផងដែរ។ ភាពយន្តមួយនេះ មានតារាសម្ដែង៣គូ ដោយលោក ឆាគិត យ៉ែមណាម មិនមែនជាតួអង្គសម្ដែងនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែបណ្ដាលមកពីលោកគឺជាតួអង្គធំ និងជាតារាប្រចាំប្រទេសថៃ ទើបត្រូវតែអញ្ជើញអោយមកបើកសម្ពោធភាពយន្តមួយនេះនៅក្នុងប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១៦ មីនា នៅទីតាំងរោងកុនថ្មីនៅជិតស្ថានទូតអាមេរិកខាងក្រោយអាគារវឌ្ឍនៈ ដើម្បីអោយមានការទាក់ទាញអ្នកគាំទ្រ។
លោកថាភាពយន្តនេះសម្ដៅពីស្នេហាឆ្លងប្រទេស ដែលកើតពីតារាស្រីថៃមកលេងចូលឆ្នាំនៅក្នុងប្រទេសកម្ពុជា តារាប្រុសថៃទៅលេងចូលឆ្នាំនៅក្នុងប្រទេសឡាវ និងតារាប្រុសឡាវទៅលេងចូលឆ្នាំនៅក្នុងប្រទេសថៃ ដោយបានរំលេចអនុស្សាវរីយ៍ជាច្រើនក្នុងអំឡុង៣ថ្ងៃចូលឆ្នាំ បន្ថែមពីលើការរំលេចពីវប្បធម៌ ប្រពៃណី និងពីទិដ្ឋភាពមួយចំនួននៅជាប់នឹងដងទន្លេងមេគង្គប្រចាំប្រទេសនីមួយៗ។ ភាពយន្តនេះរំពឹងនឹងលក់សំបុត្របានជោគជ័យ ដោយសារតែនៅប្រទេសថៃ និងឡាវបានដាក់បញ្ចាំងរួចហើយ ហើយទទួលបានការគាំទ្រខ្លាំង ខណៈដែលភាពយន្តនេះត្រូវបកប្រែជាភាសារួមអាស្រ័យទៅតាមការដាក់បញ្ចាំងនៅតាមប្រទេសនីមួយៗ ដើម្បីអោយអ្នកទស្សនាកាន់តែចាប់អារម្មណ៍៕
មតិយោបល់