កាលពីឆ្នាំមុន CNN បានបង្កើតអង្គភាពព័ត៌មានថ្មីមួយឈ្មោះ CNNVR ដើម្បីផលិតកម្មវិធីព័ត៌មានជាវីដេអូប្រភេទ VR (Virtual Reality)។ ក្រោយមកបន្តិច ក្រុមហ៊ុនបានបញ្ចេញកម្មវិធី VR សម្រាប់ប្រព័ន្ធ Android និងគេហទំព័រកុំព្យូទ័រមួយ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មើលព័ត៌មានជាវីដេអូក្នុងទម្រង់ ៣៦០ ដឺក្រេ។ ឥឡូវ ក្រុមហ៊ុនកំពុងបើកដំណើរការកម្មវិធីព័ត៌មាន CNNVR ដែលអាចមើលបានជាពិសេសតាមវ៉ែនតា Oculus Rift។
កម្មវិធីនោះ អនុញ្ញាតិឱ្យប្រិយមិត្ត CNN ទទួលបាននូវបទពិសោធទាំងព័ត៌មានទាន់ហេតុការ និងរឿងរ៉ាវវែងអន្លាយផ្សេងៗ នៅលើអេក្រង់វ៉ែនតា VR ដែលអាចបញ្ចាំងរូបភាពក្នុងទម្រង់ ៣៦០ ដឺក្រេ។ កម្មវិធីនោះដែរ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Magnopus ដែលមានបន្ទប់ផ្សាយនៅក្នុងទីក្រុង Las Vegas ផលិតកម្មវិធី Coco VR និង Mission: ISS។
ក្រោយពីពាក់វ៉ែនតា VR Rift រួច អ្នកមើលនឹងត្រូវទទួលតួនាទីជាអ្នកផលិតកម្មវិធីម្នាក់ ហើយនឹងមានការចង្អុលបង្ហាញពីអ្នករាយការណ៍ព័ត៌មានលោក Wolf Blitzer។ បន្ទាប់មក លោកអ្នកនឹងអាចជ្រើសរើសមើលព័ត៌មានទាន់ហេតុការចុងក្រោយពី CNN ឬប្តូរទៅមើលវីដេអូ VR ចុងក្រោយរបស់ក្រុមអ្នកកាសែតរបស់ស្ថានីយ៍បាន៕
https://youtu.be/AeNvJC1EVXI
ប្រភពព័ត៌មានៈ mashable
មតិយោបល់