SSD អាមេរិកចេញថ្មី! ត្រឹមមួយបន្ទះអាចផ្ទុកចម្រៀងដល់ ២លានបទ
មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Samsung បញ្ចេញ SSD ទំហំ ៣០TB (តេរ៉ាបៃយ៍) រួចមក ក្រុមហ៊ុនគូប្រជែង Nimbus Data របស់អាមេរិក បានបញ្ចេញផលិតផលអង្គផ្ទុកទិន្នន័យ SSD ថ្មីរបស់ខ្លួនដែលមានទំហំរហូតដល់ទៅ ១០០TB មកបំបែកកំណត់ត្រាពិភពលោក។
ExaDrive DC100 ត្រូវបានបំពាក់មេម៉ូរី Flash 3D ទំហំ ១០០TB ប្រើប្រាស់ខ្សែ SATA 3.5-inch ដើម្បីចម្លងទិន្នន័យចេញ/ចូល ក្នុងល្បឿន ៥០០MB/វិនាទី ផលិតឡើងសម្រាប់បំពាក់លើម៉ាស៊ីនកុំព្យូទ័រមេ ដែលត្រូវការទំហំផ្ទុកទិន្នន័យធំមហិមាជាអាទិភាព។

ប្រសិនបើគិតសម្រាប់ប្រើលើកុំព្យូទ័រក្នុងផ្ទះវិញ គឺវាអាចរក្សាបទចម្រៀងរហូតដល់ទៅ ២ លានបទ បើក្នុងមួយបទៗមានទំហំ ៥ MB។ ប៉ុន្តែ បើនិយាយពីតម្លៃវិញ លោកអ្នកប្រហែលជានឹងមិនយកវាមកប្រើសម្រាប់ផ្ទុកឯកសារកម្សាន្តផ្ទាល់ខ្លួនដូច្នោះទេ។
អង្គផ្ទុកទិន្នន័យធំបំផុតក្នុងពិភពលោកនេះ នឹងចែកចាយលក់លើទីផ្សារនារដូវក្តៅខាងមុខ ហើយវានឹងមានតម្លៃប្រហាក់ប្រហែលនឹង SSD ដទៃ គិតតាមទំហំក្នុងមួយ TB។ ពោលគឺ វាអាចនឹងមានតម្លៃរាប់ពាន់ដុល្លារឯណោះ៕

ប្រភពព័ត៌មាន: engadget
មតិយោបល់