ព័ត៌មានបច្ចេកវិទ្យា

Apple កំពុងប្រែក្លាយ iPhone ទៅជាទូរសព្ទ Samsung Galaxy

អស់រយៈពេលជាច្រើនឆ្នាំក្រោយពីបានចោទថាក្រុមហ៊ុន Samsung លួចគំនិត និងរចនាបថរបស់ខ្លួន ក្រុមហ៊ុន Apple ហាក់បីដូចជាកំពុងសំឡឹងរកចំណុចពិសេសៗនៅលើទូរសព្ទគូប្រជែង​ ដើម្បីយកទៅប្រើប្រាស់ធ្វើជាលក្ខណៈសម្បត្តិថ្មីៗលើទូរសព្ទ iPhone ជំនាន់បន្ទាប់របស់ខ្លួន។

យោងតាមរបាយការណ៍ដ៏ធំមួយពី WSJ ចេញផ្សាយនៅថ្ងៃអង្គារ៍ បានឱ្យដឹងថា ក្នុងចំណោមលក្ខណៈសម្បត្តិថ្មីៗ ដែលត្រូវបានគេរំពឹងថា នឹងមាននៅលើទូរសព្ទ iPhone ជំនាន់ថ្មី មានមួយចំនួនដូចលក្ខណៈសម្បត្តិរបស់ទូរសព្ទ Samsung Galaxy។ ជាអាទិ៍ អេក្រង់របស់ទូរសព្ទ iPhone ដែលនឹងប្រកាសចេញនៅខែកញ្ញា ខាងមុន នឹងមានកំណោងត្រង់គែមសងខាងដូចទូរសព្ទ Samsung សែស្រឡាយ Galaxy Edge ឬ Galaxy ស៊េរី S8 ដែលនឹងបំពាក់សុទ្ធតែអេក្រង់កោងទាំងអស់ដូច្នេះដែរ។

ក្រៅពីនេះ ក្រុមហ៊ុនត្រូវបានគេរាយការណ៍ថា បានបញ្ជាទិញអេក្រង់ប្រភេទ OLED ពីក្រុមហ៊ុន Samsung សម្រាប់បំពាក់ឱ្យទូរសព្ទ iPhone ស៊េរីឆ្នាំ ២០១៧ នេះ មួយម៉ូឌែលថ្លៃជាងគេផងដែរ។

ជាងនេះទៀត យោងតាមរបាយការណ៍ចុងក្រោយ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នឹងបោះបង់ចោលរន្ធដោតឌុយ Lightning របស់ខ្លួន ហើយជ្រើសយករន្ធដោត USB Type-C ដែលកំពុងប្រើប្រាស់នៅលើទូរសព្ទប្រភេទ Android ជាច្រើនម៉ាក ដើម្បីជួយឱ្យការសាកថ្ម និងតភ្ជាប់ពីទូរសព្ទជំនាន់ថ្មីរបស់ខ្លួន ទៅកាន់ឧបករណ៍បន្ទាប់បន្សំផ្សេងៗ កាន់​តែល្អប្រសើរ និងសម្បូរបែប។

គេសន្និដ្ឋានទៀតថា Apple នឹងប្រើបច្ចេកវិទ្យាសាកថ្មឥតខ្សែសម្រាប់ទូរសព្ទ iPhone 8 ខណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺលោក Tim Cook បានចូលរួមក្នុងក្រុមអ្នកអភិវឌ្ឍបច្ចេកវិទ្យាសាកថ្មឥតខ្សែមួយឈ្មោះ Wireless Power Consortium ហើយវានឹងលែងមានប៊ូតុង Home ដូចទូរសព្ទ Galaxy S8 អីចឹងដែរ៕

ប្រភពព័ត៌មាន​ Businessinsider

មតិយោបល់