ក្រុមហ៊ុនចិនបានបោះទុនចំនួន ២០លានដុល្លារអាមេរិក ដើម្បីវិនិយោគដាំឈើធ្នង់ លើផ្ទៃដីចំការចំនួន ៥០០ហិកតា នៅក្នុងខេត្តពោធិ៍សាត់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
នៅក្នុងពិធីសម្ពោធបើកជាផ្លូវការក្រុមហ៊ុនវិនិយោគហាម៉ឺនី សៀល អ៊ិនធើណេសិនណលគ្រុប (HARMONY SHIELD INTERNATIONALGROUP) នៅក្នុងប្រទេសកម្ពុជា កាលពីម្សិលមិញនេះ លោក អង់ គង្គា អគ្គនាយករងក្រុមហ៊ុនវិនិយោគហាម៉ឺនី សៀល អ៊ិនធើណេសិនណលគ្រុប បានឱ្យដឹងថា នៅក្នុងគម្រោងវិនិយោគដាំឈើធ្នង់នៅខេត្តពោធិ៍សាត់ ជំហានដំបូងឆ្នាំ ២០១៨នេះ ក្រុមហ៊ុន មានគម្រោងដាំដើមឈើធ្នង់ចំនួន ២០០ហិកតា ដោយនាំពូជឈើធ្នង់ពីប្រទេសចិនមកដាំ និងបង្កើតរោងចក្រកែច្នៃឈើធ្នង់សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស។
លោកបន្តថា បច្ចុប្បន្នការដាំពូជឈើធ្នង់នេះ បានដំណើរការដាំបានជាង ១០០ហិកតា រួចហើយ ដោយប្រើបច្ចេកទេសដាំពីហៃណានប្រទេសចិន។
លោកបញ្ជាក់ថា ការដាំឈើធ្នង់តាមបច្ចេកទេសខ្ពស់ ពីហៃណាននេះឆាប់ទទួលផល ប្រើពេលចន្លោះពី៦ឆ្នាំ ទៅ១៥ឆ្នាំ អាចប្រមូលផលសម្រាប់ កែច្នៃនាំចេញទៅក្រៅប្រទេសបានហើយ៕
មតិយោបល់