នេះមិនមែនជាលើកទីមួយទេដែលរាល់ពេលផលិតផល iPhone ក្រោយចែកចាយលក់លើទីផ្សារដំបូងៗ ត្រូវគេរាយការណ៍ថាកើតមានបញ្ហានេះបញ្ហានោះ។ ជាក់ស្តែង iPhone 8/8 Plus កើតមានបញ្ហាប៉ោងថ្មហើបសម្បកជាដើម។ ចំពោះ iPhone X ក៏ដូច្នេះដែរ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានពី Techcrunch ទូរសព្ទដៃ iPhone X មួយចំនួន ស្រាប់តែលេចចេញខ្សែឆ្នូតដ៏ចំឡែកមួយពណ៌បៃតងនៅគែមចំហៀងអេក្រង់ ដោយមិនដឹងមូលហេតុ។
សេចក្តីរាយការណ៍នេះ ត្រូវបានប្រភពដដែលស្រង់ចេញពីអ្នកប្រើប្រាស់បណ្តាញសង្គម Twitter បីរូប ប្រើគណនីឈ្មោះ mix0mat0sis, Nate Heagy និង Christian Roman។ ពួកគេទាំងបីសុទ្ធតែបានផ្ញើភ្ជាប់មកជាមួយរូបថតអេក្រង់ iPhone X របស់ខ្លួន ដែលទោះបីពួកគេចុច Restart ទូរសព្ទក៏ដោយ ក៏ខ្សែឆ្នូតបៃតងនោះនៅតែមិនរលប់បាត់ដដែល។
ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុន Apple មិនទាន់បានចេញមុខធ្វើការបកស្រាយនៅឡើយទេ។ ទោះយ៉ាងណា បើយោងតាមការធ្វើពិសោធទៅលើអេក្រង់ iPhone X ពីសំណាក់ DisplayMate បានឱ្យដឹងថា អេក្រង់ទូរសព្ទដ៏ទំនើបផុតលេខនេះ ប្រើគំរូកូនភិចសែលរាងគ្រាប់ពេជ្រថ្មីមួយ ដោយភិចសែលពណ៌បៃតងបង្ហាញឡើងជាជួរៗ ខណៈភិចសែលពណ៌ក្រហម និងខៀវបង្ហាញឡើងឆ្លាស់គ្នា។
តាមការសន្និដ្ឋាន បញ្ហាអេក្រង់ខាងលើ គឺអាចមកពីកំហុសចរន្តភ្លើងរត់ចូលទៅកាន់ភិចសែលពណ៌បៃតងទាំងនោះ ដែលបណ្តាលឱ្យវាភ្លឺជាប់ និងលេចចេញជាខ្សែឆ្នូតពណ៌បៃតងនៅគែមអេក្រង់បែបនេះ៕
មតិយោបល់