វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp បានប្រកាសឲ្យដឹងថា ខ្លួននឹងចាប់ផ្ដើមប្រមូលរថយន្តប្រភេទ hybrid Prius និង Lexus CT200h ចំនួន ១,៤៣លានគ្រឿងនៅទូទាំងពិភពលោក ដោយសារបញ្ហាពោងសុវត្ថិភាព។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ ខែមិថុនានេះ បានឲ្យដឹងថា រថយន្ត hybrid Prius និង Lexus CT200h ដែលត្រូវប្រមូលគឺផលិតឡើងនៅឆ្នាំ ២០១០-២០១២ ដោយសារតែបញ្ហាពោងសុវត្ថិភាព ដែលអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបើកបរ។
លោក Victor Vanov អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានថ្លែងឲ្យដឹងថា ក្នុងចំណោមរថយន្តដែលត្រូវប្រមូលនេះ មាន ៤៨២,០០០គ្រឿង នៅសហរដ្ឋអាមេរិក ចំណែកក្រៅនេះគឺនៅតាមបណ្ដាលប្រទេសផ្សេងៗមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា Toyota ជាក្រុមហ៊ុនផលិតរថយន្តធំមួយរបស់ជប៉ុន ដែលមានលទ្ធិភាពអាចផលិតរថយន្តបាន ១០លានគ្រឿង ក្នុងមួយឆ្នាំ៕
មតិយោបល់