ព័ត៌មានបច្ចេកវិទ្យា

ថៃ ចង់បិទ Facebook ចោលទូទាំងប្រទេស នៅថ្ងៃនេះ តែមិនទាន់សម្រេច

បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook គឺនៅតែអាចដំណើរការប្រើប្រាស់បានដូចធម្មតាដដែលក្នុងប្រទេសថៃ បន្ទាប់ពីមានក្តីបារម្ភថា អាជ្ញាធរនឹងបិទផ្តាច់បណ្តាញទំនាក់ទំនងនេះចោល ប្រសិនបើ Facebook មិនព្រមធ្វើតាមសំណើររដ្ឋាភិបាលថៃ ទាមទារឲ្យលុបចេញនូវមាតិកាបង្ហោះផ្សាយ ការគំរាមកំហែងដល់ប្រព័ន្ធសន្តិសុខជាតិ និងប្រមាថព្រះមហាក្សត្រ។

កាលពីសប្តាហ៍មុន និយ័តករទូរគមនាគមន៍ប្រទេសថៃ បានថ្លែងថា គេទុកពេលឲ្យបណ្តាញសង្គម Facebook ដល់ត្រឹមម៉ោង ១០ព្រឹក ថ្ងៃអង្គារនេះ ដើម្បីលុបការបង្ហោះផ្សាយចំនួន ១៣១ មាតិកាចោល ដែលបានរំលោភលើច្បាប់ប្រមាថស្តេចយ៉ាងតឹងរឹង ក្រោមករណីបង្ខូចកិត្តិសព្ទ ឬប្រមាថព្រះមហាក្សត្រ និងមហាក្សត្រី ឬអ្នកស្នងតំណែង។

ពេលវេលាកំណត់បានរំលងផុតហើយ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះមិនបានផ្តល់ជាព័ត៌មានបន្ថែមទៅលើករណីប្លុកបណ្តាញសង្គមយក្សទូទាំងផ្ទៃប្រទេសឡើយ។

ចំពោះការប្រមាថដល់ព្រះមហាក្សត្រ ពលរដ្ឋប្រទេសថៃ អាចនឹងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចាប់ពី ៣ ទៅ ១៥ឆ្នាំ។

បើយោងតាម អង្គការសិទ្ធិមនុស្ស Worldwide Movement បានឲ្យដឹងថា ពលរដ្ឋថៃ ១០៥នាក់ ត្រូវបានចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ ចាប់តាំងពីខែ ឧសភា ឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ន។ ក្នុងចំណោមពួកគេ មាន ៥០នាក់ ដែលប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ៣០ឆ្នាំ៕

ប្រភពព័ត៌មាន៖ 9news.com.au | abc.net.au

មតិយោបល់