ភ្នំពេញៈ ក្រុមចោរ១ក្រុមជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់បានសម្រេច ខណៈស្រ្តីរូបនេះកំពុងជិះម៉ូតូម្នាក់ឯង ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពឆក់បានសម្រេចរួច ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលឈឹងតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៨១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ម៉ារី អាយុ៤៥ឆ្នាំ មុខរបរលក់ដូ ហើយក្នុងកាបូប ដែលត្រូវចោរឆក់នោះរួមមាន៖ លុយ២០ម៉ឺនរៀល លុយដុល្លារ៥ដុល្លារ ទូរស័ព្ទ៣គ្រឿង កងជើងកូនក្មេង១គូរ និងអត្តសញ្ញាណប័ត្រ១សន្លឹក។
ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងជិះម៉ូតូតែម្នាក់ឯង មកដល់ចំណុចកើតហតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកសងសេ១២៥ សេរី២០១៦ និង១គ្រឿងទៀត ម៉ាកស្កូបពី បានធ្វើសកម្មភាពឆក់កាបូបពីគាត់បានសម្រេច ហើយជនសង្ស័យជិះគេចខ្លួនបាត់អស់។
ក្រោយកើតហេតុស្រ្តីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ៕
មតិយោបល់