ព័ត៌មានបច្ចេកវិទ្យា

Facebook សុំទោសអ្នកកាសែតប៉ាលេស្ទីន

យេរូសាឡឹម: បណ្ដាញទំនាក់ទំនងសង្គម Facebook បានចេញមុខសុំអភ័យទោស​ជា​សាធារណ: ក្រោយពេលបិទគណនី​អ្នកកាសែត និងបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួននៅក្នុងប្រទេស​ប៉ាលេស្ទីន។

ការចេញមុខសុំទោសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការតវ៉ាប្រឆាំងទាមទារឲ្យ Facebook បើកគណនីទាំងនោះឡើងវិញ ដោយក្រុមអ្នកតវ៉ារាប់រយនាក់ បានស្នើដល់ Facebook ឲ្យគោរព​ទៅតាម​លក្ខខណ្ឌនៃការប្រើប្រាស់ដែល Facebook បានកំណត់។

«ក្រុមការងាររបស់យើង (Facebook) បានទទួលនូវសេចក្ដីរាយការណ៍រាប់លានក្នុង​មួយសប្ដាហ៍​ ហើយការបិទ​គណនីខាងលើ ប្រហែលជាមានអ្វីមួយមិនប្រក្រតី ប៉ុន្តែទោះជាយ៉ាងណា យើងសុំ​អភ័យទោសចំពោះកំហុសនេះ»។ នេះសំដីរបស់អ្នកនាំពាក្យ Facebook បានថ្លែងប្រាប់សារព័ត៌មាន Al Arabiya English។

ការបិទគណនីខាងលើនេះ ត្រូវបានគេដឹងថា ប្រហែលជាមានការពាក់ព័ន្ធនឹងរដ្ឋាភិបាលប៉ាលេស្ទីន ព្រោះបណ្ដាញសារព័ត៌មានខាងលើ បានចុះផ្សាយនូវព័ត៌មានជាច្រើនដែលរិះគន់ដល់រដ្ឋាភិបាល ជាពិសេសគឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ៕

mark-zuckerberg-apology

មតិយោបល់