បែបបទរបស់ «Guest Account» ប្រែថា «គណនីប្រើប្រាស់បន្ទាប់បន្សំ» គឺមិនមែនជារឿងមិនល្អនោះទេ៖ សម្រាប់ការបង្កើត Guest Account គឺវាផ្តល់សារៈប្រយោជន៍ដល់យើងជាច្រើនដូចជា អនុញ្ញាតឲ្យអ្នកដទៃអាចប្រើប្រាស់កុំព្យូទ័ររបស់យើងបានត្រឹមតែចូលលេងអ៊ិនធើណែត ឬបើកកម្មវិធីមួយចំនួនប្រើ ហើយមិនអាចធ្វើអ្វីបានផ្សេងទៀតឡើយ សរុបមកគឺរក្សាសុវត្ថិភាពផ្សេងៗជាចំបង។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុន Microsoft បញ្ចេញ ប្រព័ន្ធប្រតិបត្តិការ Windows 10 ចេញមក ស្រាប់តែអត់ឃើញមានមុខងារ Guest Account។
អ្នកអាចបើកដំណើរការមុខងារនេះវិញបាន តាមរយៈវិធីសាស្រ្តខាងក្រោម៖
1. បើក Start
2. វាយបញ្ចូលពាក្យ CMD
3. ចុច Mouse ស្តាំលើកម្មវិធី Command Prompt រួចជ្រើសយកពាក្យថា Run as administrator រួចចុច Yes ដើម្បីបញ្ជាក់ដំណើរការ
4. វាយបញ្ចូលពាក្យបញ្ជាខាងក្រោម រួចចុច Enter
net user Visitor /add /active:yes
5. សូមចងចាំថា អ្នកជ្រើសយកពាក្យថា Visitor គឺជាឈ្មោះគណនីអ្នកប្រើប្រាស់ ប៉ុន្តែសម្រាប់ពាក្យ Guest គឺត្រូវបានជ្រើសយកដោយ Windows 10 ហើយអ្នកមិនអាចប្រើប្រាស់វាទៀតបានទេ។ យ៉ាងណាក្តី អ្នកក៏អាចដាក់ឈ្មោះផ្សេងក្រៅពី Visitor ដោយសេរី គ្រាន់តែដាក់ខ្លីបានហើយ។
6.វាយបញ្ចូលពាក្យបញ្ជាខាងក្រោម ដើម្បីបង្កើតលេខកូដសម្ងាត់ សម្រាប់គណនីដែលបង្កើតថ្មី រួចចុច Enter
net user Visitor *
7. អ្នកអាចដាក់លេខកូដសម្ងាត់ ឬមិនដាក់ក៏បាន ដោយគ្រាន់តែចុច Enter ២ដង គឺស្មើនឹងគ្មានលេខកូដបញ្ចូល។
8. វាយបញ្ចូលពាក្យបញ្ជាខាងក្រោម ដើម្បីជាការលុបចោលគណនីដែលបានបង្កើតថ្មី ចេញពីក្រុមគណនីប្រើប្រាស់ជាផ្លូវការ រួចចុច Enter។
net localgroup users Visitor /delete
9. វាយបញ្ចូលពាក្យបញ្ជាខាងក្រោម ដើម្បីដាក់បញ្ចូលគណនីបង្កើតថ្មីទៅក្នុងក្រុមគណនីប្រើប្រាស់បន្ទាប់បន្សំ រួចចុច Enter
net localgroup guests Visitor /add
10. សូមចាកចេញ ឬក៏បិទចោលកម្មវិធី Command Prompt ដើម្បីបញ្ចប់កិច្ចការត្រឹមនេះ។
ដំណើរការតាមរយៈវិធីខាងលើ ជាការបង្កើតគណនីស្តង់ដារមួយ ប៉ុន្តែក៏បានធ្វើការលុបចេញពីក្រុមប្រើប្រាស់ជាផ្លូវការ និងបានដាក់បញ្ចូលទៅក្នុងក្រុមអ្នកប្រើប្រាស់បន្ទាប់បន្សំ បានសេចក្តីថា គណនីដែលបានបង្កើតថ្មីនេះ គឺរាល់សិទ្ធិដែលប្រើប្រាស់កុំព្យូទ័រ គឺដូចគ្នាទៅនឹង Guest Account ដែលមាននៅលើ Windows ស៊េរីចាស់អីចឹង។
ក្រោយបញ្ចប់ការអនុវត្តន៍ អ្នកចាំបាច់គ្រាន់តែចាកចេញពី (Sign out) គណនីបច្ចុប្បន្ន ហើយនៅពេលដែលលោតផ្ទាំង Sign in ចេញមក សូមជ្រើសរើសយក គណនី Visitor ហើយចុចប៊ូតុង Sign in ដោយពុំបាច់វាយលេខកូដសម្ងាត់ ដោយសារតែមិនបានដាក់ពេលបង្កើត។
ឥឡូវនេះគណនីដែលបានប្រើប្រាស់បន្ទាប់បន្សំត្រូវបានបង្កើតរួចរាល់ ហើយពេលនេះអ្នកអាចចែករំលែកកុំព្យូទ័រទៅកាន់មិត្តភក្តិ ឬភ្ញៀវឲ្យប្រើបានដោយសុវត្ថិភាព។ ពួកគេអាចប្រើប្រាស់បានដូចជា អ៊ិនធើណែត និងបើកប្រើកម្មវិធីមួយចំនួន ប៉ុន្តែគេមិនអាចកែប្រែការកំណត់ណាមួយក្នុងកុំព្យូទ័របានឡើយ ហើយមិនអាចធ្វើការលុប ឬដំឡើងកម្មវិធី រួមទាំងមិនអាចចូលទៅកាន់ឯកសាររបស់អ្នកបានជាដាច់ខាត។
ប្រសិនបើអ្នកលែងត្រូវការប្រើប្រាស់គណនីបន្ទាប់បន្សំនេះហើយ អ្នកអាចធ្វើការលុបវាចោលបានដោយចូលទៅកាន់ Settings > Accounts > Family & other people រួចជ្រើសរើសយក Visitor Account ហើយចុចយកពាក្យថា Remove ជាចុងក្រោយចុចលើប៊ូតុង Delete account and data៕
មតិយោបល់