ក្រុមរដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី ៧ សីហា ម្សិលមិញនេះ បានស្នើដល់តុលាការកាត់ទោសទាយាទសម្ព័ន្ធក្រុមហ៊ុន Samsung គឺលោក Lee Jae-yong ឱ្យជាប់ពន្ធធនាគារ ១២ ឆ្នាំ ពីបទសួកប៉ាន់ និងផ្សំគំនិត ព្រមទាំងបទល្មើលដទៃផ្សេងទៀត ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវពុករលួយដ៏កក្រើកទូទាំងផ្ទៃប្រទេសមួយ។
ក្នុងសេចក្តីថ្លែងចុងក្រោយ នាអង្គជំនុំជម្រះដែលមានរយៈពេល ៤ ខែនេះ អគ្គនាយករងក្រុមហ៊ុន Samsung Electronics វ័យ ៤៩ ឆ្នាំ បានបង្ហាញពីអារម្មណ៍សៅហ្មងយ៉ាងខ្លាំង ខណៈគាត់បានបដិសេធសូម្បីតែការចោទប្រកាន់លើរូបលោកថា បានស្វែករកការគាំទ្រផ្នែកនយោបាយពីប្រមុខដឹកនាំប្រទេស។
លោក Lee ត្រូវបានចាប់ខ្លួននៅក្នុងខែកុម្ភៈ ចំពេលដែលរឿងអាស្រូវពុករលួយដ៏ថ្នាក់ជាតិមួយដែលបាននាំឱ្យផ្ទុះការតវ៉ាពីសាធារណជនទ្រង់ទ្រាយធំ និងរហូតដល់មានការបណ្តេញលោកស្រីប្រធានាធិបតេយ្យកូរ៉េខាងត្បូង Park Guen-hye ចេញពីតំណែងក្នុងខែមិនា។
គណៈចៅក្រមបីរូបនៅតុលាការសង្កាត់កណ្តាលក្រុងសេអ៊ុល បាននិយាយថា ពួកគេនឹងប្រកាសសាលក្រមលើសំណុំរឿងលោក Lee Jae-yong នៅថ្ងៃទី ២៥ សីហា ខាងមុខ។
បុត្រាគ្រួសារមានជាងគេបំផុត និងជាអ្នកត្រូវស្នងតំណែងប្រធានក្រុមហ៊ុនធំបំផុតនៅកូរ៉េខាងត្បូង បាននិយាយប្រាប់តុលាការថា៖ «មិនថាវាធ្វើឡើងសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ឬសម្រាប់ខ្លួនខ្ញុំនោះទេ ខ្ញុំមិនដែលសុំឱ្យប្រធានាធិបតីជួយអ្វីដល់ខ្ញុំម្តងណាសោះឡើយ»។
គួរបញ្ជាក់ថា ក្រុមរដ្ឋអាជ្ញាក៏កំពុងទាមទារតុលាការឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើអតីតថ្នាក់ដឹកនាំក្រុមហ៊ុន Samsung ចំនួន ៤ រូបផ្សេងទៀត ដែលកាន់ការក្នុងការិយាល័យយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ក្រោមបទចោទថាបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋខាងលើ។ ក្នុងនោះ ពួកគេបានស្នើតុលាការឱ្យកាត់ទោសអតីតអគ្គនាយករងម្នាក់របស់ក្រុមហ៊ុន Samsung Electronics គឺលោក Choi Gee-sung ឱ្យជាប់ពន្ធធនាគាររយៈពេល ១០ ឆ្នាំ៕
ទាយាទក្រុមហ៊ុន Samsung គ្រុប ត្រូវជាប់ចោទពីបទសូកប៉ាន់ជាផ្លូវការ
ប្រភពព័ត៌មានៈapnewsarchive
មតិយោបល់