ព័ត៌មានសេដ្ឋកិច្ច

វៀតណាម បន្តទទូចនាំចេញបង្កងឆៅទៅ អូស្រ្តាលី ខណៈជម្ងឺកន្ទួលពណ៌ស រកពុំទាន់ឃើញ

រដ្ឋាភិបាលវៀតណាម កំពុងទទូចអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យដកបម្រាមរបស់ខ្លួន ក្នុងការនាំចូលបង្កង និងបង្គាឆៅ ព្រោះវាបង្កផលអវិជ្ជមានជាច្រើន ដល់វិស័យចិញ្ចឹម និងកែច្នៃបង្គារបស់វៀតណាម។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Xinhua ចេញផ្សាយនៅថ្ងៃនេះ។

ប្រទេសអូស្រ្តាលី បានប្រកាសផ្អាកការនំាចូលបង្កង និងបង្គាឆៅពី បណ្តាប្រទេសនៅអាស៊ី ដោយសារភ័យខ្លាចនៃ ការផ្ទុះជម្ងឺកន្ទួលពណ៌ស ដែលបង្កឡើងដោយសត្វសមុទ្រទាំងនោះ ហើយបម្រាបនេះ បានចូលជាធរមាន តាំងពីថ្ងៃទី ៩ ខែមករា មកម្ល៉េះ។

បង្គា ដែលត្រូវដឹកយកទៅកាន់អូស្រ្តាលី ក្រោយថ្ងៃ ៩ មករា ត្រូវបាននាំចេញមកវិញ ឬបំផ្លាញចោលតែម្តង ហើយទំនិញផ្សេងៗទៀត ត្រូវពិនិត្យយ៉ាងតឹងរឹងបំផុត។

យ៉ាងណាមិញ បម្រាមនេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលអូស្រ្តាលី រកឃើញជម្ងឺកន្ទួលពណ៌ស នៅក្នុងកន្លែងចិញ្ចឹម ៥កន្លែង និងក្នុងទន្លេថែមទៀត តែរដ្ឋាភិបាលមិនទាន់បញ្ជាក់ច្បាស់ពី ការផ្ទុះឡើងនេះទេ។

រដ្ឋាភិបាលវៀតណាម បានស្នើសុំដល់អូស្រ្តាលី ឲ្យបន្តការនាំចូលបង្កងឆៅនេះ រហូតដល់រកឃើញភ័ស្តតាងសិន ព្រោះបើអូស្រ្តាលីធ្វើដូចនេះ ក្រុមហ៊ុនវៀតណាមជាច្រើន នឹងដួលរលំក្នុងពេលដ៏ខ្លី។

ក្រុមហ៊ុនវៀតណាមចំនួន ២ ដែលនាំបង្គា ចេញទៅប្រទេសអូស្រ្តាលី ប្រមាណ ១៥០តោនជារៀងរាល់ខែនោះ ត្រូវខាតបង់ជាច្រើនលានដុល្លារ ក្នុងរយៈពេលដ៏ខ្លីនេះ។

គួរជម្រាបដែរថា កាលពីឆ្នាំ ២០១៥ ប្រទេសវៀតណាម ធ្លាប់បានហាមឃាត់ការនំាចូលផ្លែឈើ ពីប្រទេសអូស្រ្តាលីផងដែរ ដោយសារការមិនយល់ស្របគ្នាលើកិច្ចព្រមព្រៀងទាក់ទងនឹងផ្លែឈើ ក្នុងតំបន់៕

មតិយោបល់