ព័ត៌មានសេដ្ឋកិច្ច

កាណូតសាធារណៈ អាចនឹងបង្ហាញវត្តមានជាលើកដំបូង នៅកម្ពុជា

ក្រសួងសាធារណការ នឹងដឹកជញ្ជូនកំពុងតែសិក្សាពីលទ្ធភាព ក្នុងការប្រើប្រាស់កាណូតសាធារណៈ Public Water Bus ជាលើកដំបូងបង្អស់នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ នឹងដឹកជញ្ជូន ចេញផ្សាយកាលពីម្សិលមិញនេះ។

ការប្រើប្រាស់កាណូតសាធារណៈនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងកាត់បន្ថយចំណាយនានា ដែលបង្កដោយការកកស្ទះចរាចរណ៍។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីគម្រោងនេះ នៅក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ និយោជិតនៃកំពង់ផែស្វយ័តភ្នំពេញ តែយ៉ាងណាមិញ ព័ត៌មានលម្អិតទាក់ទងនឹង សេវាកម្មកាណូតសាធារណៈនេះ នៅមិនទាន់បានបង្ហាញនៅឡើយទេ។

សេវាកម្មកាណូតសាធារណៈ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសនានា ដែលសំបូរផ្លូវទឹកខ្វាត់ខ្វែង និងមានលក្ខណៈអំណោយផល ជាក់ស្តែងដូចប្រទេសកម្ពុជា ដែលមានផ្លូវទឹកពុះចំកណ្តាល សំបូរផ្លូវខ្វាត់ខ្វែង អាចអនុញ្ញាតិឲ្យសេវាកម្មនេះ អាចនឹងដំណើរការទៅមុខយ៉ាងរលូនផងដែរ។

កាណូតសាធារណៈ ភាគច្រើនធ្វើដំណើរទៅតាមគន្លងស្រដៀងគ្នានឹងឡានក្រុងសាធារណៈដែរ គឺមានកន្លែងឈប់ច្រើន និងអាចមានចំនួនច្រើន អាស្រ័យទៅតាមតម្រូវការប្រើប្រាស់នៅតំបន់នោះ។

យ៉ាងណាមិញ ការប្រើប្រាស់កាណូតសាធារណៈ នឹងជួយកាត់បន្ថយការចំណាយបានច្រើន ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសគឺ អ្នកដំណើរអាចលម្ហែ និងកាត់បន្ថយពេលវេលាធ្វើដំណើរផងដែរ៕

22940xcitefun-malta-water-bus-2-900px15069076_607783899405954_6200018872190690074_o

មតិយោបល់