ព័ត៌មានសេដ្ឋកិច្ច

ប្រទេសស្វីស នឹងផ្តល់ជំនួយ ១២លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា

ប្រទេសស្វីស បានបញ្ជាក់ជាថ្មីម្តងទៀតថា នឹងផ្តល់ជំនួយ ១២លានដុល្លារអាមេរិក​ ដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់រយៈពេល ៣ឆ្នាំខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ជាក់ស្តែង ស្វីស បានជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ តាំងពីឆ្នាំ ១៩៩៤ គឺប្រមាណ ៦០លានដុល្លារអាមេរិកមកទល់ពេលនេះ។

ការផ្តល់ជំនួយប្រមាណ ៤លានដុល្លារអាមេរិកក្នុងមួយឆ្នាំនេះ គឺប្រហាក់ប្រហែលជា ១០ភាគរយនៃថវិកាសរុបរបស់មន្ទីរពេទ្យ ហើយស្នើនឹង ១ភាគ៣ នៃជំនួយរបស់ភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស ផ្តល់ឲ្យកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០១៣មក ភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស នៅតែបង្ហាញវត្តមានសហប្រតិបត្តិការ និងបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ដើម្បីបំពេញកិច្ចការងារអភិវឌ្ឍន៍ជាតិ។

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប នឹងជួយសម្រួលកូន ១០០នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ដែលជាកំណត់ត្រាដ៏អស្ចារ្យមួយ ហើយរដ្ឋាភិបាលប្រទេសស្វីសក៏បានផ្តល់កញ្ចប់ជំនួយពិសេស ២លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការខិតខំប្រឹងប្រែងសង្គ្រោះជីវិតនេះ៕

មតិយោបល់