គម្រោងស្ពានឆ្លងប្រទេសកម្ពុជា-ថៃ ត្រង់ចំណុចព្រំដែនស្ទឹងបត់-បានណងអៀន ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ រួចរាល់ហើយ នឹងគ្រោងបញ្ចុះបឋមសិលាជាផ្លូវការ នៅខែមករា ឆ្នាំ ២០១៨ខាងមុខនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ បានជូនដំណឹងឲ្យដឹងថា ខាងភាគីថៃ បានចាប់ផ្តើមសាងសង់ស្ពានហើយ ដោយបានបុកបង្គោលគ្រឹះនៅខាងព្រំដែនថៃ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ នឹងផ្តល់ជាជំនួយឥតសំណង សម្រាប់គម្រោងសាងសង់ស្ពានផ្នែកស្ថិតនៅលើទឹកដីកម្ពុជា ព្រមទាំងផ្តល់កម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៅច្រកទ្វារព្រំដែនថ្មី និងផ្លូវតភ្ជាប់ពីច្រកនេះ ទៅផ្លូវជាតិលេខ ៥ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ ១។
លើសពីនេះទៅទៀត ភាគីទាំង ២ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមច្រកទ្វារព្រំដែន ប៉ោយប៉ែត-អារញ្ញប្រាថេតផងដែរ។
ដោយសារតែច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានលំហូរចរាចរណ៍ និងតម្រូវការដឹកជញ្ជូនច្រើន មិនអាចឆ្លើយតបបានល្អ ទើបរាជរដ្ឋាភិបាលទាំង២ សម្រេចបើកបន្ថែមច្រកព្រំដែនកម្ពុជា-ថៃត្រង់ចំណុចស្ទឹងបត់។
គួរបញ្ជាក់ដែរថា ច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
មតិយោបល់