គម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យមចំនួន ២៧០០ខ្នង នឹងចាប់ផ្តើមសាងសង់ក្នុងត្រីមាសទី១ ឆ្នាំ ២០១៧ ហើយលេចរូបរាងឡើង នៅក្នុងគ្រប់ខណ្ឌទាំងអស់ នៅជាយក្រុងភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី លោក សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Land។
គម្រោងលំនៅដ្ឋាននេះ នឹងចាប់ផ្តើមដំបូង នៅគ្រប់ខណ្ឌដែលព័ទ្ធជុំវិញទីក្រុងភ្នំពេញ ហើយអាចបន្តទៅដល់ខេត្ត និងអាចទូទាំងប្រទេសថែមទៀតផង។
ក្រុមហ៊ុន WorldBridge Land បានសហការជាមួយក្រុមហ៊ុនសិង្ហបុរី និងរាជរដ្ឋាភិបាលក្នុងការសាងសង់គម្រោងនេះ ដោយក្រុមហ៊ុនផ្តោតទៅលើភូមិសាស្រ្ត ដែលមានកំណើនប្រជាជនថ្នាក់ទាប-មធ្យមច្រើន និងចំណាយពេលធ្វើដំណើរប្រមាណជា ៣០ ទៅ ៤០នាទី ដើម្បីមកដល់ទីក្រុងភ្នំពេញ។
លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏បានចរចារជាមួយរដ្ឋាភិបាលក្នុងប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈដូចជាឡានក្រុងសាធារណៈ ដើម្បីងាយស្រួលក្នុងការដឹកប្រជាជនចូលមកទីក្រុងផងដែរ។
គម្រោងបង្កើតសហគមន៍លំនៅដ្ឋានទាប-មធ្យមនេះ ត្រូវបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំ ហើយក្នុងរយៈពេលប្រមាណជា ៣ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន បានសិក្សាបន្ថែមអំពីច្បាប់ជាមួយ រាជរដ្ឋាភិបាល និងសិក្សាពីផលប៉ះពាល់ និងផលប្រយោជន៍ដែលប្រជាជនអាចទទួលបានពីគម្រោងនេះ។
គួរបញ្ជាក់ដែរថា គម្រោងសាងសង់នេះ ត្រូវបានសិក្សាលើបទពិសោធន៍នៃការសាងសង់ផ្ទះស្នាក់នៅពីប្រទេសក្នុងតំបន់ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ហើយមានតែបទពិសោធន៍នៃការសាងសង់បែបថៃ និងម៉ាឡេស៊ីប៉ុណ្ណោះដែលអាចទទួលយកបាន៕
មតិយោបល់