នាវាទេសចរណ៍ Volendam បាននាំយកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណ ២ពាន់នាក់ ចូលមកកម្សាន្តនៅប្រទេសកម្ពុជា តាមច្រកកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ កាលពីម្សិលមិញនេះ។ នេះបើយោងតាមគេហទំព័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាវា Volendam មានសញ្ជាតិហូឡង់ និងមានប្រវែងបណ្តោយ ២៣៨ម៉ែត្រ ទទឹង ៣២ម៉ែត្រ និងជម្រៅទឹក ៧ម៉ែត្រ។
នាវាទេសចរណ៍នេះ បានធ្វើដំណើរមកពីកំពង់ផែ Phu My ប្រទេសវៀតណាម រួចនឹងបន្តដំណើរឆ្ពោះទៅកាន់កំពង់ផែ ឡាមចាបាង ប្រទេសថៃ នៅថ្ងៃដដែលផងដែរ។
នៅឆ្នាំ ២០១៦នេះ នាវាទេសចរណ៍បរទេស ចូលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកផែសមុទ្រ មានការកើនឡើងជាងឆ្នាំ ២០១៥ ភាគច្រើនពួកគេកម្សាន្តតាមទីប្រជុំជននានា រមណីយដ្ឋានវប្បធម៌ តំបន់ឆ្នេរ និងតំបន់នេសាទ។
ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព សុវត្ថិភាព មានការរីកចម្រើនលើគ្រប់វិស័យ ហើយខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍បែបធម្មជាតិ នៅឆ្នាំ ២០១៧ខាងមុខ នឹងមាននាវាទេសចរណ៍បរទេស នាំភ្ញៀវទេសចរចូលមកប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត៕
មតិយោបល់