ក្រោយពីសម្ពោធឲ្យដំណើរការជើងហោះហើរត្រង់ពីជប៉ុន និងពីចិន មកកម្ពុជា ក្នុងខែកញ្ញាកន្លងទៅនេះ អាកាសយានដ្ឋានកម្ពុជា កាន់តែមានភាពមមាញឹក និងបានទទួលអ្នកដំណើរមកកម្ពុជា ច្រើនជាង ៥លាននាក់ ត្រឹម ៩ខែ ឆ្នាំ ២០១៦នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អាកាសយានដ្ឋានកម្ពុជា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។
ត្រឹមរយៈពេល ៩ខែ ឆ្នាំ ២០១៦នេះ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ ទទួលបានអ្នកដំណើរច្រើនជាង ៥លាននាក់ និងទទួលបានជើងហោះហើរ ៥៣,០០០ជើង ហើយទម្ងន់ទំនិញដឹកទៅមក កើនឡើងដល់ ៣៥ពាន់តោន ប្រមាណ ២១.៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រោយពីដំណើរការជើងហោះហើរត្រង់ពីជប៉ុន នៅថ្ងៃទី ១ ខែកញ្ញា និងពីចិន នៅថ្ងៃទី ៩ ខែកញ្ញា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន ២៦២,០០០នាក់ ក្នុងខែកញ្ញានេះ កើនឡើង ១៥.២ភាគរយ ហើយអាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរបាន ២១៩,០០០នាក់ កើនឡើង ៨.៥ភាគរយ។
ចំនែកឯ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ កើនឡើងរហូតដល់ ១៣២.៥ភាគរយ រហូតដល់ ១២,៩៩៧នាក់ ដែលជម្រុញដោយជើងហោះហើរអន្តរជាតិមកពី Tianjin និង Shijiazhuang៕

រូបភាព៖ Cambodia Airports
មតិយោបល់