នៅឆ្នាំ ២០១៧ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់ ប៉ម កណ្តាលទីក្រុងសៀមរាប ដែលអាចឲ្យភ្ញៀវទេសចរណ៍ ឡើងទៅទស្សនាអង្គរវត្ត ទេសភាពទីក្រុងសៀមរាប និងទន្លេសាប។ នេះបើយោងតាមអ្នកគ្រប់គ្រងសណ្ឋាគារ Angkor Holiday បានឲ្យ Post Business ដឹងនៅថ្ងៃនេះ ផ្នែកតាមកិច្ចប្រជុំការងារទេសចរណ៍ ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ២០១៦ ធ្វើឡើងកាលពីថ្ងៃទី ១២ ខែធ្នូ កន្លងទៅនេះ។
គម្រោងសាងសង់ប៉មនេះ ត្រូវបានដាក់ស្នើទៅប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងទទួលបានការឯកភាពរួចហើយ ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តសៀមរាប កំពុងស្វែងរកដៃគូអភិវឌ្ឍន៍ និងសាងសង់គម្រោងនេះ។ នេះបើយោងតាមការលើកឡើងរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
យ៉ាងណាមិញ ចំពោះគម្រោងនេះ នៅពុំទាន់អាចបញ្ជាក់ឲ្យច្បាស់ពី ទំហំទឹកប្រាក់វិនិយោគលើការសាងសង់ ទីតាំង និងកម្ពស់នៅឡើយនោះទេ តែគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០១៧ខាងមុខនេះ។
គម្រោង ប៉ម កណ្តាលទីក្រុងសៀមរាបនេះ ត្រូវបានរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ បានកាន់តែច្រើន ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។
គួរជម្រាបផងដែរថា ប៉មនេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ថ្មីស្រឡាងមួយនៅកម្ពុជា ដែលអនុញ្ញាតិឲ្យភ្ញៀវទេសចរណ៍អាចទស្សនា តំបន់អង្គរ ប្រាសាទបុរាណ បឹងទន្លេសាប វាលស្រែ និងទីក្រុងសៀមរាប៕
រូបតំណាង
មតិយោបល់