ព័ត៌មានសេដ្ឋកិច្ច

Daikin Malaysia មានសុទិដ្ឋិនិយមខ្ពស់ ក្នុងការវាយលុយទីផ្សារម៉ាស៊ីនត្រជាក់ នៅកម្ពុជា

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Daikin Malaysia បានផ្តល់សិទ្ធិដល់ក្រុមហ៊ុន GA AIRCON ជាតំណាងចែកចាយផ្តាច់មុខម៉ាស៊ីនត្រជាក់ម៉ាក Daikin នឹងរំពឹងទទួលបានលេខ ១ ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

លោកឧកញ៉ា Trang Ly ប្រធានក្រុមហ៊ុន GA AIRCON តំណាងចែកចាយផ្តាច់មុខនៅកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនបានចូលរួមចំណែកដើម្បីលើកស្ទួយកំណើនស្ថិរភាព និងទទួលបានកេរ្តិ៍ឈ្មោះដ៏ល្អនៅក្នុងទីផ្សារម៉ាស៊ីនត្រជាក់ Daikin ក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះ។

ក្នុងបរិបទដែលកម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ នឹងជម្រុញឲ្យ តម្រូវការម៉ាស៊ីនត្រជាក់ កើនឡើង ស្របគ្នានឹងចក្ខុវិស័យក្នុងការជម្រុញឲ្យផលិតផល Daikin ក្លាយជាម៉ាកយីហោដ៏ល្បីនាំមុខគេនៅកម្ពុជា ដោយពឹងផ្អែកលើភាពរឹងមាំ ភាពបត់បែន និងការគាំទ្រពី រោងចក្រ វិស្វករ។

លោក Sum Chee Choong ប្រធានក្រុមហ៊ុន Daikin ប្រចាំប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ Daikin ប្រទេសម៉ាឡេស៊ីបានចំណាយពេល ១ឆ្នាំកន្លះ ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយនឹងអតិថិជន ហើយបានរកឃើញអំពីសក្តានុពលដ៏ធំនៃទីផ្សារលក់រាយ ខណៈអ្នកចែកចាយ និងអតិថិជន បានឲ្យដឹងថាផលិតផលម៉ាស៊ីនត្រជាក់ Daikin គឺជាផលិតផលដែលមានគុណភាពល្អបំផុត នៅកម្ពុជា។

បច្ចុប្បន្នតម្លៃនៃម៉ាស៊ីនម៉ាក Daikin គឺកាន់តែប្រកួតប្រជែង ដោយមានការផ្គត់ផ្គង់ដោយផ្ទាល់មកកាន់កម្ពុជា ដោយមិនឆ្លងកាត់ប្រទេសសិង្ហបុរី ទៀតឡើយ ជាពិសេសនោះគឺ ធានាគុណភាពខ្ពស់ ដោយក្រុមហ៊ុនផលិតតែផលិតផលម៉ាស៊ីនត្រជាក់មួយមុខគត់។

ក្រុមហ៊ុន Daikin មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងផ្នែកនៃគម្រោង និងផ្នែកវិនិយោគទុនបរទេស ប៉ុន្តែ ចាំបាច់ត្រូវសិក្សាអំពីទីផ្សារ ព្រមទាំងបង្កើនការយល់ដឹងអំពី ម៉ាកផលិតផល ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចទទួលបានផលិតផលដែលមានគុណភាពល្អផ្ដាច់គេ ក្នុងគោលបំណងតែមួយ គឺផ្តល់នូវគុណភាពខ្យល់ដ៏បរិសុទ្ធល្អប្រសើរបំផុត នៅក្នុងគេហដ្ឋានដល់អតិថិជន ដែលបានតំឡើងម៉ាស៊ីនត្រជាក់ Daikin ក្នុងគេហដ្ឋានរបស់ខ្លួន។

គួរជម្រាបដែរថា ក្រុមហ៊ុន Daikin រកចំណូលលក់ប្រចាំឆ្នាំ ២០១៥ គិតជាទឹកប្រាក់សរុបប្រហែល ៩០០លានដុល្លារអាមេរិក និងគោលដៅដើម្បីសម្រេចឲ្យបានចំណូលចំនួន ២ពាន់លានដុល្លាក្នុងឆ្នាំ ២០២០៕

មតិយោបល់