ព័ត៌មានសេដ្ឋកិច្ច

គម្រោងស្ពានឆ្លងប្រទេសដំបូងបង្អស់រវាងកម្ពុជា-ថៃ ចុះហត្ថលេខាយល់ព្រមរួចរាល់ហើយ

គម្រោងស្ពានឆ្លងប្រទេសកម្ពុជា-ថៃ ត្រង់ចំណុចព្រំដែនស្ទឹងបត់-បានណងអៀន ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ រួចរាល់ហើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយប្រមាណជា ៣០នាទីមុននេះ។

រដ្ឋាភិបាលថៃ នឹងផ្តល់ជាជំនួយឥតសំណង សម្រាប់គម្រោងសាងសង់ស្ពានផ្នែកស្ថិតនៅលើទឹកដីកម្ពុជា ព្រមទាំងផ្តល់កម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនៅច្រកទ្វារព្រំដែនថ្មី និងផ្លូវតភ្ជាប់ពីច្រកនេះ ទៅផ្លូវជាតិលេខ ៥ ដែលជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ ១។

លើសពីនេះទៅទៀត ភាគីទាំង ២ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមច្រកទ្វារព្រំដែន ប៉ោយប៉ែត-អារញ្ញប្រាថេតផងដែរ។

ដោយសារតែច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានលំហូរចរាចរណ៍ និងតម្រូវការដឹកជញ្ជូនច្រើន មិនអាចឆ្លើយតបបានល្អ ទើបរាជរដ្ឋាភិបាលទាំង២ សម្រេចបើកបន្ថែមច្រកព្រំដែនកម្ពុជា-ថៃត្រង់ចំណុចស្ទឹងបត់។

គួរបញ្ជាក់ដែរថា ច្រកទ្វារអន្តរជាតិស្ទឹងបត់ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

មតិយោបល់