ព័ត៌មានជាតិ

ភ្លៀងខ្យល់រន្ទះ ធ្វើឲ្យដាច់ភ្លើង៣ខណ្ឌ

ភ្នំពេញៈ បើតាមអគ្គិសនីកម្ពុជា ឲ្យដឹងនៅមុននេះបន្តិចថា មានករណីដាច់ភ្លើងពីអនុស្ថានីយទី៥ ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌចំនួន៣ រួមមាន ខណ្ឌពោធិ៍សែនជ័យ ព្រែកព្នៅ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា ឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F4) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅ (១)ផ្លូវទំនប់កប់ស្រូវ ភូមិព្រែកពពេល ភូមិស្រែជះ ភូមិអករំដួល ភូមិត្រពាំងអញ្ចាញ ភូមិគោកម្រេចចំការស្បោង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម សង្កាត់កាកាប (២)ភូមិស្នោខាងកើត ភូមិផ្លាំង សង្កាត់ស្មោ ខណ្ឌពោធិ៍សែនជ័យ (៣)ភូមិម្លូផ្អែម ភូមិត្រពាំងពោធិ៍ ភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និង(៤)ភូមិត្រពាំងមាន ភូមិវិមានទ្រង់ ភូមត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ករណីនេះ អគ្គិសនីបញ្ជាក់មូលហេតុថា ដោយសារមានភ្លៀងធ្លាក់លាយឡំខ្យល់រន្ទះ បណ្តាលឲ្យដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។ ជាមួយគ្នា ក្រុមការងារបច្ចេកទេសកំពុងធ្វើជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង៤៖៣០នាទីល្ងាចនេះ៕

មតិយោបល់