ព័ត៌មានសេដ្ឋកិច្ច

ផ្ទាំងសូឡាបណ្តែតទឹក អាចនឹងបង្ហាញវត្តមាននៅ កម្ពុជា ក្នុងពេលឆាប់ៗខាងមុខ

វិទ្យាស្ថាន Natural Heritage បាននិងកំពុងសិក្សាពីលទ្ធភាព ក្នុងការផលិតថាមពលអគ្គិសនីពី ពន្លឺព្រះអាទិត្យតាមរយៈការបណ្តែតផ្ទាំងសូឡាលើផ្ទៃទឹក នៅកម្ពុជា។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងបរិស្ថានចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក Gregory A. Thomas នាយកប្រតិបត្តិវិទ្យាស្ថាន Natural Heritage បានជួបពិភាក្សាជាមួយលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អំពីគម្រោងផ្ទាំងសូឡាបណ្តែតទឹកនេះ ហើយ លោក Thomas ទទួលបានការស្វាគមន៍ពីក្រសួងបរិស្ថាន នឹងជម្រុញឲ្យសិក្សាលម្អិតបន្ថែមទៀត។

បច្ចេកវិទ្យានៃការផលិតថាមពលអគ្គិសនី ដោយដាក់ផ្ទាំងសូឡាបណ្តែតទឹក អាចនឹងមានប្រសិទ្ធភាពជាងការដាក់ផ្ទាំងសូឡាលើដី ឬលើដំបូលអគារ ហើយការដាក់លើផ្ទៃទឹក អាចផលិតថាមពលបានច្រើនជាង រហូតដល់ ១៤ភាគរយ។ នេះបើយោងតាមការសិក្សារបស់អាជ្ញាធរជប៉ុន ដែលបានប្រើប្រាស់បន្ទះសូឡានេះនៅ Osaka។

ទឹក គឺធ្វើឲ្យម៉ាស៊ីនត្រជាក់ជាងធម្មតា ហើយបើម៉ាស៊ីនត្រជាក់ វាផលិតថាមពលមានប្រសិទ្ធភាពជាង ផ្ទៃសូឡាដាក់លើដី លើដំបូលអគារ ព្រោះវាស្ថិតនៅទីខ្ពស់ ប្រឈមនឹងកម្តៅព្រះអាទិត្យខ្លាំង។

អ្វីដែលពិសេសជាងនេះទៀតគឺ ចំណេញផ្ទៃដីសម្រាប់យកទៅប្រើប្រាស់ផ្សេងៗ ព្រោះបើចង់ផលិតថាមពលបានច្រើន ចាំបាច់ត្រូវមានផ្ទៃដីទំហំធំ។

គួរជម្រាបដែរថា ផ្ទាំងសូឡាបណ្តែតទឹក ងាយនឹងរៀបចំតម្លើង មិនងាយខូច មានសុវត្ថិភាពខ្ពស់ និងមានតម្លៃទាបជាងទៀតផង៕

មតិយោបល់