ព័ត៌មានអន្តរជាតិ

ISIS វាយប្រហារអត្តឃាត សម្លាប់មនុស្ស ៤៨ នាក់ នៅយេម៉ែន

យេម៉ែនៈ ប្រភពពីមន្ត្រីក្នុងប្រទេស បានឲ្យដឹងថា មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានក្លែងធ្វើជាបុរសពិការ រួ​ចក៏បំផ្ទុះខ្លួនឯង នៅកន្លែងជួបជុំមួយរបស់មន្ត្រីសន្តិសុខយេម៉ែន នៅកំពង់ផែភាគខាងត្បូងទីក្រុងអាដេន កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៤៨ នាក់ និង ៨៤នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ក្រុមភេរវករ ISIS បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដោយបានចេញផ្សាយរូបថតអ្នកបំផ្ទុះ ជាមួយនឹងការញញឹមរបស់គាត់ ដោយមានកាំភ្លើងជាប់ខ្លួន និងពាក់អាវបំផ្ទុះគ្រាប់បែក។

ការវាយប្រហារនេះ គឺជាលើកទីពីរហើយ សម្រាប់ខែនេះ ដែលពួកភេរវករ មានគោលបំណង ដើម្បីសម្លាប់កម្លាំងសន្តិសុខជាច្រើន នៅក្បែរមូលដ្ឋានយោធាមួយ នៅទីក្រុងអាដេន ក្នុងប្រទេសយេម៉ែន ដែលទាំងនេះ បានបញ្ជាក់ឲ្យឃើញថា ជាការបរាជ័យរបស់រដ្ឋាភិបាលយេម៉ែន និងសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ការធានាសន្ដិសុខ នៅមូលដ្ឋានក្នុងតំបន់ ដែលពួកគេគ្រប់គ្រង៕

មតិយោបល់