ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនចិន បោះទុនវិនិយោគ២០០លានដុល្លារ លើការចិញ្ចឹមត្រី និងឃ្លាំងត្រជាក់ស្តុកត្រី

ក្រុមហ៊ុនចិន China National Cereal Oil And Food Stuff Cooperation (COFCO) កំពុងបោះទុនវិនិយោគ ២០០លានដុល្លារអាមេរិក លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមត្រី និងឃ្លាំងត្រជាក់ស្តុកត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមហ៊ុន COFCO មានដើមទុនជាង ៥៣៧ ៣៦០ លានយ៉េន (ប្រាក់ចំណេញប្រមាណជា ៤៤២ ៦៥០ លានយ៉េន) មានបុគ្គលិកបម្រើការងារសរុបចំនួន ១៤៥,០០០នាក់ ហើយបច្ចុប្បន្នក្រុមហ៊ុនបានផ្តោតលើការធ្វើពាណិជ្ជកម្មនាំចេញ នាំចូលផលិតផលកសិកម្ម កែឆ្នៃផលិតផលស្រូវអង្ករ ប្រេងឆា ស្រូវសាលី ចំណីអាហារ អចលនទ្រព្យ និងទីផ្សារហិរញ្ញវត្ថុ។
ដោយឡែកចំពោះកម្ពុជា ក្រុមហ៊ុន COFCO បាននិងកំពុងទិញផលិតផលកសិកម្មពីកម្ពុជា និងបោះទុនវិនិយោគ ដូចជា ទិញអង្ករពីកម្ពុជាជាង ២០០ពាន់តោននៅឆ្នាំ ២០១៧។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា និងចិនលើវិស័យដំឡូងមី ក្រុមហ៊ុនមានបំណងវិនិយោគសាងសង់កំពង់ផែទឹកសាបទ្រង់ទ្រាយធំ ដែលមានលទ្ធភាពអាចដឹកជញ្ជូនផលិតផលដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀតមកកាន់ប្រទេសចិនឲ្យបានកាន់តែច្រើន។
ជាចុងក្រោយ ក្រុមហ៊ុនក៏ទទួលបានព័ត៌មាន និងឯកសារបច្ចេកទេសយ៉ាងល្អប្រសើរអំពីការដាំដុះ និងកែឆ្នៃ ស្ករអំពៅនៅកម្ពុជា។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុននឹងពិនិត្យ ពិចារណាអំពីលទ្ធភាពនាំចូលផលិតផលកសិកម្មមួយចំនួនបន្ថែមទៀតដូចជា ម្រេច ដំឡូងមី ស្វាយចន្ទី ផ្លែមាន និងកៅស៊ូ ពីប្រទេសកម្ពុជា៕

មតិយោបល់