ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឲ្យដំណើរការចាប់ពីថ្ងៃនេះ គឺជាការបើកផ្លូវដ៏ធំមួយ ទៅកាន់ទីផ្សារពិភពលោក ឲ្យបានស្គាល់ពី ម៉ាកយីហោខ្មែរ នឹងទទួលបានការការពារទូទាំងសកលលោក។
លោក Yoshiyuki Takagi អគ្គនាយករងទទួលបន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធសកលនៃ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO បានឲ្យដឹងថា ការចុះបញ្ជីម៉ាកពាណិជ្ជកម្មអនឡាញ ផ្តល់ផលប្រយោជន៍ជាច្រើនដល់អាជីវកម្ម ពោលគឺ ការពារអត្តសញ្ញាណនៃអាជីវកម្មមិនឲ្យមានការលួចចម្លង ផ្តល់អាទិភាពឲ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រីកអាជីវកម្ម តាមការធ្វើទីផ្សាររបស់ផលិតផល ដែលមានអត្តសញ្ញាណច្បាស់លាស់។
ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអនឡាញនេះផងដែរ គឺមានប្រជាជនទូទាំងសកលលោក អាចមើលឃើញ ហើយសមាជិកជាង ១០០ប្រទេសរបស់ WIPO ក៏អាចជួយការពារដល់ម៉ាកយីហោពាណិជ្ជកម្មនេះផងដែរ។
លើសពីនេះទៅទៀត ប្រព័ន្ធថ្មីនេះ នឹងជួយបន្ថយសម្ពាធការងារ ពន្លឿនការចុះបញ្ជីម៉ាក ចំណេញទាំងពេលវេលា និងចំណាយផ្សេងៗ ព្រោះមិនចាំបាច់ត្រូវមកកាន់ ក្រសួងដោយផ្ទាល់។
ការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ត្រូវទទួលបានការការពារឈ្មោះ និងរូបម៉ាកយីហោ ពាណិជ្ជនាម តាមរយៈការចុះបញ្ជីម៉ាក ដែលទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ អនុញ្ញាត និងឯកភាពតាមច្បាប់។
គួររម្លឹកដែរថា តាំងពីឆ្នាំ ១៩៩១មក គឺមានម៉ាកសញ្ញាជាង ៧ម៉ឺន ដែលបានចុះបញ្ជីនៅកម្ពុជា ហើយក្រសួងពាណិជ្ជកម្ម ក៏សំនូមពរឲ្យអាជីវកម្មក្នុងស្រុក និងមកពីក្រៅស្រុក ឲ្យមកចុះបញ្ជី ដើម្បីការពារម៉ាកអាជីវកម្មរបស់ខ្លួន៕
មតិយោបល់