ព័ត៌មានសេដ្ឋកិច្ច

ពិព័រណ៌ទេសចរណ៍អន្តរជាតិ ឆ្នាំ ២០១៧ នឹងធ្វើឡើងនៅកម្ពុជា ជាលើកដំបូងបង្អស់

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៌ទេសចរណ៍អន្តរជាតិឆ្នាំ ២០១៧ ជាលើកដំបូងបង្អស់ ដែលគ្រោងធ្វើឡើងនៅកោះពេជ្រ នាថ្ងៃទី ១៩ ដល់ ២១ ខែតុលា ឆ្នាំ ២០១៧។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ពិព័រណ៌នេះ នឹងបង្ហាញយ៉ាងទូលំទូលាយទៅដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ឲ្យបានដឹងពីកញ្ចប់ដំណើរកម្សាន្តទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក ហើយអាចឆ្លើយតបទៅនឹងចម្ងល់ភ្ញៀវទេសចរ ដែលកំពុងស្វែងរកកញ្ចប់ដំណើរកម្សាន្តក្នុងប្រទេស ឬក្នុងតំបន់ ឬទូទាំងពិភពលោក។

គោលបំណងសំខាន់នៃពិព័រណ៌នេះ គឺដើម្បីបង្ហាញពី សក្តានុពលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ដើម្បីឲ្យពិភពលោកស្គាល់កាន់តែច្បាស់។

គួរជម្រាបផងដែរថា ក្នុងឆ្នាំ ២០១៥ មានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានប្រមាណជា ៤លាន៨សែននាក់ ដែលក្នុងនោះភ្ញៀវទេសចរចិន មានប្រមាណជា ៨សែននាក់ ឈរនៅលំដាប់លេខ ២ ដែលចំនួននេះ ហាក់នៅមានកម្រិតនៅឡើយ៕

មតិយោបល់