ព័ត៌មានសេដ្ឋកិច្ច

ត្រឹមឆ្នាំ ២០០១ មកទល់បច្ចុប្បន្ន ចិន ផ្តល់ជំនួយ ៤៨០០លានដុល្លារ ដល់ កម្ពុជា

គិតត្រឹមឆ្នាំ ២០០១ មកទល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧នេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ ដល់កម្ពុជា ជាទឹកប្រាក់ ចំនួន ៤៨០០លានដុល្លារអាមេរិក ដោយក្នុងនោះមានហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់ សរុបប្រមាណ១១៣០លានដុល្លារអាមេរិក។ នេះបើយោងតាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់គ្លីនិកចល័ត ចំនួន ៤០គ្រឿង និងឡជីវឧស្ម័នចំនួន ១៥០០ឡ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពី រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជា។

ពិធីចុះហត្ថលេខានេះ គឺជាផ្លែផ្កាថ្មីមួយទៀត ដែលកើតចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម XI Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សន្យាផ្ដល់ហិរញ្ញប្បទានឥតសំណងជូន រាជរដ្ឋាភិបាលកម្ពុជា នូវទឹកប្រាក់សរុបចំនួន ៣៦០០លានយ័ន ស្មើនឹង ៥៥០លានដុល្លារអាមេរិក សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពី ឆ្នាំ២០១៦ រហូតដល់ឆ្នាំ ២០១៨។

ចំណែកគ្លីនិកចល័តចំនួន ៤០គ្រឿង រួមទាំងសម្ភារបរិក្ខារសម្រាប់គ្លីនិកចល័ត ដែលផ្ដល់ដោយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិននេះ នឹងយកទៅផ្គត់ផ្គង់ តាមរាជធានី-ខេត្ត ទាំង ២៥។

ជាមួយគ្នានេះដែរ គម្រោងសាងសង់ឡជីវឧស្ម័នចំនួន ១៥០០ឡ នឹងធ្វើការសាងសង់ នៅក្នុងខេត្ត ចំនួន ៧រួមមាន ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ, ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង, ខេត្ត ស្វាយរៀង, ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលនឹងជួយដល់ប្រជាកសិករ ក្នុងការបំប្លែងឧស្ម័នពីលាមកសត្វ យកមកប្រើប្រាស់ សម្រាប់ចម្អិនអាហារ និងកាកសំណល់ក្នុងឡធ្វើ ជីសម្រាប់ដាំដំណាំបាន៕

រថយន្តគ្លីនិកចល័ត ៤០គ្រឿង នឹងជួយព្យាបាលប្រជាពលរដ្ឋក្រីក្រកម្ពុជា ដោយឥតគិតថ្លៃ

មតិយោបល់