របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកនិយាយថា នៅប្រទេសកម្ពុជា លទ្ធភាពទទួលបានអគ្គិសនីតាមរយៈបណ្តាញខ្សែចែកចាយរបស់រដ្ឋត្រូវបានពង្រីកដល់ ៧១,៥ភាគរយនៃគ្រួសារហើយមកទល់សព្វថ្ងៃ ក៏ប៉ុន្តែភាពទុកចិត្តបានរបស់ការផ្គត់ផ្គង់សេវានេះ គួរមានការកែលម្អឱ្យប្រសើរថែមទៀត ដោយសារថាចំនួនជិតពីរភាគបីនៃគ្រួសារទាំងនោះ ត្រូវប្រឈមនឹងការដាច់ចរន្តអគ្គិសនីញឹកញាប់នៅឡើយ។
របាយការណ៍ ក្រោមចំណងជើងថា កម្ពុជា លើសពីការតភ្ជាប់បណ្តាញ៖ ការវិនិច្ឆ័យតាមអភិក្រមក្របខណ្ឌពហុលំដាប់លើលទ្ធភាពទទួលបានថាមពល» (Cambodia Beyond Connections: The Energy Access Diagnostic Based on a Multi-Tier Framework) បានពិនិត្យ នៅក្នុងចំណោមកត្តាជាច្រើន ទៅលើផ្នែកសមត្ថភាព ភាពទុកចិត្តបាន ភាពអាចជាវបាន និងសុវត្ថិភាពរបស់វិស័យថាមពលនៅប្រទេសកម្ពុជា។ នៅទូទាំងប្រទេស គ្រួសារកម្ពុជាចំនួនជិត៩០ភាគរយ មានលទ្ធភាពទទួលបានការផ្គត់ផ្គង់អគ្គិសនីយ៉ាងហោចណាស់រយៈពេល ៤ម៉ោងដែរក្នុងមួយថ្ងៃ។
ឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា មានប្រសាសន៍ថា៖ “កម្ពុជាសម្រេចបានភាពរីកចម្រើនយ៉ាងលឿននៅក្នុងការពង្រីកលទ្ធភាពទទួលបានអគ្គិសនីទៅដល់បណ្តាភូមិ និងអ្នកប្រើប្រាស់ ក៏ប៉ុន្តែវឌ្ឍនភាពនេះទទួលបាននៅក្នុងតម្លៃខាតបង់មួយដែរ។ អាស្រ័យហេតុនេះ ពេលនេះជាពេលដែលយើងត្រូវបង្វែរការយកចិត្តទុកដាក់របស់យើងទៅពង្រឹងភាពទុកចិត្តបាននិងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីហើយ ដើម្បីជួយឱ្យសេដ្ឋកិច្ចគ្រួសារនិងធុរកិច្ចលូតលាស់បានល្អ”។
នៅតំបន់ជនបទ បច្ចុប្បន្នមានគ្រួសារចំនួន៣០ភាគរយដែលពឹងផ្អែកទៅលើប្រភពអគ្គិសនីមិនមែនបណ្តាញចែកចាយរដ្ឋ ដើម្បីទទួលបានអគ្គិសនីប្រើប្រាស់ ក្នុងនោះមានប្រព័ន្ធស្រូបថាមពលពន្លឺព្រះអាទិត្យខ្នាតលំនៅឋាន ចង្កៀងគោមប្រើថាមពលព្រះអាទិត្យ និងអាគុយសាកភ្លើង។ ការពង្រឹងប្រព័ន្ធផ្ទេរនិងចែកចាយចរន្តឱ្យបានកាន់តែល្អ ក៏ដូចជាការលើកកម្ពស់ពង្រីកការតភ្ជាប់អគ្គិសនីជាមួយបណ្តាញរដ្ឋ និងការប្រើប្រាស់ប្រព័ន្ធស្រូបថាមពលព្រះអាទិត្យតាមលំនៅឋាន នឹងនាំឱ្យកម្ពុជាពង្រឹងបានកាន់តែរឹងមាំនូវសក្តានុពលនៃសេដ្ឋកិច្ចរបស់ខ្លួន។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ថាមពលមានសារសំខាន់ណាស់សម្រាប់ពង្រីកសមត្ថភាពប្រកួតប្រជែងផ្នែកឧស្សាហកម្មដែលបង្កើតការងារថ្មី ហើយសម្រាប់ធ្វើឱ្យប្រសើនូវសេវាសាធារណៈដែលពង្រីកឱកាស ជួយឱ្យពលរដ្ឋកម្ពុជាគ្រប់រូបមានជីវភាពប្រកបដោយគុណភាពកាន់តែល្អជាងមុន។” លោកស្រីបន្ថែមទៀតថា៖ «កម្ពុជាជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកដែលបានធ្វើការអង្កេតអភិក្រមក្របខណ្ឌពហុលំដាប់នេះ ដែលផ្តល់ទិន្នន័យពិស្តារស្តីពីលទ្ធភាពទទួលបាន
ថាមពលតាមគ្រួសារ សម្រាប់យកទៅពង្រឹងការរៀបចំគោលនយោបាយក្នុងវិស័យថាមពល។”
កម្រងអនុសាសន៍គោលនយោបាយនៅក្នុងរបាយការណ៍នេះ រួមមានការស្នើឱ្យពង្រីកលទ្ធភាពទទួលបានថាមពលទំនើបសម្រាប់ការចម្អិនអាហារ។ ត្រង់ចំណុចនេះ នៅទូទាំងប្រទេសមានជាង ៦៦ភាគរយ នៃគ្រួសារនៅកំពុងប្រើប្រាស់ចង្ក្រានជីវម៉ាស់(ចង្ក្រានដុតអុស ធ្យូង) នៅឡើយ។ អាស្រ័យហេតុនេះ ការជួយដល់គ្រួសារ ជាពិសេសគ្រួសារមានចំណូលទាបនិងមានស្ត្រីជាមេគ្រួសារ ឱ្យមានលទ្ធភាពទទួលបានថាមពលនិងចង្ក្រានស្អាតនឹងជួយកាត់បន្ថយហានិភ័យដល់សុខភាពរបស់ពួកគេ។
លោកស្រី ជូលៀ ហ្វ្រេស៊័រ នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកទទួលបន្ទុកផ្នែកថាមពលនិងប្រតិបត្តិឧស្សាហកម្មនិស្សារណកម្មសកលនៅតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ “ទន្ទឹមនឹងការប្រឹងប្រែងយ៉ាងសម្បើមដែលបានធ្វើកន្លងមកដើម្បីពង្រីកលទ្ធភាពទទួលបានថាមពល ការកែលម្អសេវាឱ្យកាន់តែមានប្រសិទ្ធផល មានភាពទុកចិត្តបាន ហើយមានតម្លៃងាយជាវបាន នឹងជួយបង្កើនពន្លឺក្តីសង្ឃឹមសម្រាប់ក្រុមគ្រួសារ ធុរកិច្ច និងប្រទេសកម្ពុជាទាំងមូល ថែមទៀត។ យើងត្រៀមខ្លួនជាស្រេចដើម្បីជួយរដ្ឋាភិបាលនៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនឈានទៅមានថាមពលដែលមានភាពទុកចិត្តបាន មានតម្លៃសមរម្យអាចជាវបាន ហើយទំនើប ត្រឹមឆ្នាំ២០៣០។”
មតិយោបល់