ព័ត៌មានបច្ចេកវិទ្យា

LG ប្រកាសចេញ Stylus 3 ព្រមជាមួយស្មាតហ្វូនថ្មី ៤ ម៉ូដែល មុនព្រឹត្តិការណ៍ CES ២០១៧

ក្រុមហ៊ុន LG ទើបបានឧទេ្ទសនាមស្មាតហ្វូនត្រកូល Stylus ដ៏ពេញនិយមជំនាន់ទី ៣ ព្រមជាមួយត្រកូល K ថ្មី ចំនួន ៤ ម៉ូដែល ផ្សេងទៀត មុនការមកដល់នៃព្រឹត្តិការណ៍ពិព័រណ៍ផលិតផលបច្ចេកវិជ្ជាអេឡិចត្រូនិចប្រចាំឆ្នាំ ហៅកាត់ថា CES ដែលនឹងប្រព្រឹត្តឡើងនាទីក្រុង Las Vegas ថ្ងៃទី ៥-៨ មករា ២០១៧។
Stylus 3 គឺឋិតក្នុងសែស្រឡាយស្មាតហ្វូនតម្លៃមធ្យមរបស់ក្រុមហ៊ុន LG ដែលមានថាមពលខ្លាំង និងរូបរាងធំបំផុត។ វាបំពាក់អេក្រង់ខ្នាត HD ទំហំ ៥,៧ អីុញ ដំណើរការដោយអង្គប្រតិបត្តិ MT6750 ល្បឿន ១,៥ GHz របស់ក្រុមហ៊ុន MediaTek អមជាមួយ RAM ទំហំ ៣ GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 7.0 ជំនាន់ចុងក្រោយបង្អស់។ ស្មាតហ្វូនអេក្រង់ធំមួយនេះ បំពាក់មកជាមួយកាមេរ៉ាក្រោយទំហំ ១៣ មេហ្គាភិចសែល និងខាងមុខ ៨ មេហ្គាភិចសែល អង្គចងចាំជាប់ម៉ាស៊ីន ១៦ GB និងថ្មដែលអាចដោះចេញចូលបានកម្លាំង ៣,១០០ មីល្លីអំព៊ែរ។ លក្ខណ:ពិសេសដាច់ដោយឡែកពីគេរបស់ Stylus 3 គឺ វាមានភ្ជាប់មកជាមួយប៊ិកពិសេសមួយ ហើយក៏មានជម្រើសពណ៌ទាន់សម័យ គឺពណ៌ឈូកមាស ដ៏ស្រស់ស្អាតផងដែរ។

ចំណែកស្មាតហ្វូនត្រកូល K ថ្មី រួមមាន LG K3, K4, K8, និង K10។ សមាជិកគ្រួសារថ្មីទាំងនេះ មានរចនាបថតែមួយ ប៉ុន្តែ ខុសគ្នាលើទំហំអេក្រង់ ខ្នាតបញ្ចាំងរូបភាព និងសមាសធាតុផ្សំមួយចំនួន ហើយជាពិសេសគឺខុសគ្នាលើតម្លៃតែម្តង៕

ប្រភពព័ត៌មាន៖ androidauthority

មតិយោបល់