ព័ត៌មានសេដ្ឋកិច្ច

ព្រលានយន្តហោះព្រះសីហនុ នឹងចំណាយកែលម្អ ១៥លានដុល្លារ អាចទទួលអ្នកដំណើរ ៥០ម៉ឺននាក់

ព្រលានយន្តហោះអន្តរជាតិព្រះសីហនុ នឹងចំណាយប្រមាណ​ ១៥លានដុល្លារអាមេរិក ដើម្បីធ្វើការកែលម្អ សាងសង់ពង្រីក និងបង្កើនសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៥០ម៉ឺននាក់ ក្នុងមួយឆ្នាំ។ នេះបើយោងតាមការឲ្យដឹងពី លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានឲ្យដឹងកាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីសម្ពោធសាងសង់ពង្រីក និងចុះបឋមសិលា អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។

បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិព្រះសីហនុ មានលទ្ធភាពទទួលអ្នកដំណើរប្រមាណ ១៥ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយនឹងសាងសង់ពង្រីកផ្លូវរត់ និងស្ថានីយ៍អ្នកដំណើរ ដើម្បីត្រៀមខ្លួនទទួលកំណើនទេសចរណ៍យ៉ាងខ្លាំងក្លានាពេលខាងមុខ។

គម្រោងពង្រីកស្ថានីយ៍អ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ អាចនឹងបញ្ចប់រួចរាល់ជាស្ថាពរនៅដើមឆ្នាំ ២០១៨ ហើយនឹងជួយសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាសមកខេត្តព្រះសីហនុ កាន់តែងាយស្រួល បើទោះបីជាមានកំណើនទេសចរណ៍ខ្លាំងក្លាក៏ដោយ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិកងកេង នឹងរីកធំជាងគេនៅកម្ពុជា ក្នុងចន្លោះ ១០ ទៅ ១៥ឆ្នាំខាងមុខ ដោយសារតែអាកាសយានដ្ឋាននេះ ស្ថិតក្នុងខេត្តព្រះសីហនុ ដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍។

កត្តាដែលនាំឲ្យខេត្តព្រះសីហនុ ក្លាយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចជាងគេ គឺដោយសារតែការរីកលូតលាស់នៃវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម សកម្មភាពដឹកជញ្ជូន និងការនាំចេញកាន់តែច្រើន ហើយពិសេសជាងនេះទៅទៀតគឺ តំបន់ព្រះសីហនុ នឹងជាតំបន់អភិវឌ្ឍន៍លឿនជាងគេ ដោយសារមានរោងចក្រជាច្រើនកំពុងផ្តោតទៅ តំបន់សេដ្ឋកិច្ចពិសេស និងមានកំពង់ផែខ្នាតអន្តរជាតិផងដែរ។

គួរបញ្ជាក់ថា គម្រោងនេះ​ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានកម្ពុជាទាំង ៣ ដែលគ្រោងចំណាយ ២ពាន់លានដុល្លារអាមេរិក អភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៤០៕

មតិយោបល់