ព័ត៌មានសេដ្ឋកិច្ច

សម្តេចតេជោ នឹងស្នើជប៉ុន កសាងខ្សែរថភ្លើងស្វ័យប្រវត្តិធុនស្រាលដំបូងបង្អស់នៅកម្ពុជា

ឯកឧត្តម ស្រ៊ី ថាមរង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុននៅលើកនេះ គឺសម្តេចនឹងស្នើឲ្យភាគីជប៉ុន ជួយកសាងខ្សែរថភ្លើងស្វ័យប្រវត្តិធុនស្រាល ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ ៩ ខែសីហានេះ ក៏មានពិធីចុះហត្ថលេខាលើឯកសារចំនួន ៣ ស្តីពីជំនួយជប៉ុនមកកម្ពុជា ដែលក្នុងនោះមាន កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទឹកប្រាក់សរុបប្រមាណ ២០៩លានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បាននិងកំពុងសិក្សា លទ្ធភាពអនុវត្តគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិធុនស្រាល (AGT) ក្នុងរាជធានីភ្នំពេញ។

បើយោងតាមផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូនក្នុងក្រុង ឆ្នាំ ២០៣៥ គម្រោងខ្សែរថភ្លើងនេះ អាចនឹងចាប់ផ្តើមក្នុងឆ្នាំ ២០២០ និងបញ្ចប់ក្នុងឆ្នាំ ២០២៣ ដោយគម្រោងដំបូងមានប្រវែង ១៣គីឡូម៉ែត្រ និងចំណាយប្រមាណ ៨០០លានដុល្លារអាមេរិក។

រថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស ជាមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏មានប្រសិទ្ធិភាព ដែលរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ហើយទីភ្នាក់ងារ JICA ក៏បានស្នើសុំសិក្សាបន្ថែមលើ ផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធ ដើម្បីដំណើរការក្នុងរាជធានីភ្នំពេញ។

តាមការឲ្យដឹងពីតំណាង JICA គឺពួកគេអាចចាប់ផ្តើមសិក្សាពីចំនុចមហាវិថីព្រះមុនីរ៉េត (ស្តាតអូឡាំពិក) ទៅកាន់ចោមចៅ (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ)។

នៅពេលដែលគម្រោងនេះ សម្រេចបាន វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយពេលវេលាធ្វើដំណើរ ក៏ដូចជាការលើកស្ទួយដល់សេវាដឹកជញ្ជូន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា៕

មតិយោបល់