ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ស្នើវៀតណាមផ្តល់ថរិកា ៥០% ជួសជុលផ្លូវហាណូយ ផ្លូវបេតុងវែងជាងគេក្នុងក្រុង

កម្ពុជា បានស្នើឲ្យភាគីវៀតណាម ផ្តល់ថវិកា ៥០ភាគរយ ដើម្បីជួសជុលកែលម្អ ផ្លូវហាណូយ ដែលជាផ្លូវបេតុងវែងជាងគេក្នុងក្រុងភ្នំពេញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស បានស្នើដល់ភាគីវៀតណាម ឲ្យចូលរួមផ្តល់ថវិកា ៥០ភាគរយ ក្នុងការកែលម្អផ្លូវហាណូយ ប្រវែង ១០គីឡូម៉ែត្រ ដែលជាផ្លូវបេតុងវែងជាងគេ ក្នុងរាជធានីភ្នំពេញ ដើម្បីទុកជាចំណងដៃមិត្តភាពអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

​​រាជធានីភ្នំពេញ នឹងទីក្រុងហាណូយ បានចងសម្ព័ន្ធភាព នឹងគ្នាគិតមកទល់ពេលនេះ មានរយៈពេល ១២ឆ្នាំហើយ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ នៃការអភិវឌ្ឍន៍ទីក្រុង និងពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងការងារអប់រំ សុខាភិបាល ទេសចរណ៍ និងសេដ្ឋកិច្ចពាណិជ្ជកម្មផងដែរ។

បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតែយកចិត្តទុកដាក់ ដោយដាក់ចេញផែនការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ ក្នុងរាជធានី ផ្លូវខ្សែក្រវ៉ាត់ក្រុង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាចម្បងសម្រាប់អភិវឌ្ឍន៍។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា-ឡាវ-វៀតណាម នឹងលុបចោលតម្លៃសេវា Roaming លើការហៅទូរស័ព្ទឆ្លងប្រទេស របស់ក្រុមហ៊ុន Metfone ដែលធ្វើឡើងចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ខាងមុខនេះ៕

មតិយោបល់