Post News Media ព័ត៌មានសេដ្ឋកិច្ច សម្តេចតេជោ៖ ក...

សម្តេចតេជោ៖ កោះសមុទ្រខ្មែរ មិនមែនធុងសំរាម សម្រាប់ដុតសំរាមផលិតអគ្គិសនីទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើដល់កូនចៅជំនាន់ក្រោយថា កុំឲ្យបរទេសយក កោះក្នុងតំបន់សមុទ្រខ្មែរ ផលិតអគ្គិសនីដោយដុតសំរាម ព្រោះវានឹងបំផ្លាញតំបន់ឆ្នេរសមុទ្រ។ នេះបើយោងតាមការលើកឡើងរបស់សម្តេចតេជោ កាលពីថ្ងៃទី ២៤ ខែធ្នូ កន្លងទៅនេះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានជាតិ។

សម្តេច បានបញ្ជាក់ថា អ្នកជំនាន់ក្រោយដែលបន្តវេនពីសម្តេច ចូរកុំឲ្យជនបរទេសបោកប្រាស់យក កោះខ្មែរទៅផលិតអគ្គិសនីដោយដុតសំរាម ត្រូវតែប្រយ័ត្នពីចំណុចនេះ កុំទន់ជ្រាយឲ្យសោះ កុំប្រើកោះណាមួយរបស់ខ្មែរ ឬក្នុងដែនគោករបស់ខ្មែរ យកទៅធ្វើជាធុងសំរាម របស់ប្រទេសយ៉ាងច្រើន កំពុងតែកកស្ទះសំរាមនោះ។

កម្ពុជា ត្រូវតែខិតខំបន្តការកសាងផ្លូវ ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសបន្ថែមទៀត ហើយកសាងហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងរមណីយដ្ឋាន ដែលជាទេសចរណ៍ធម្មជាតិ។

លើសពីនេះទៅទៀត គឺត្រូវរក្សាឲ្យបានគង់វង្សនូវ តំបន់ឆ្នេរ ឆ្នេរខ្សាច់ ព្រៃកោងកាង បណ្តាកោះ  ចៀសវាងរងនូវការបំផ្លិចបំផ្លាញណាមួយ។

ជាចុងក្រោយ គឺត្រូវចូលរួមរក្សាបរិស្ថាន ទាំងទឹក ទាំងខ្យល់ ទាំងធម្មជាតិ គ្រប់គ្រងរឹង ឬរាវ ឲ្យបានត្រឹមត្រូវ ជាពិសេសមិនគប្បីផ្តល់ការអនុញ្ញាត ឲ្យមានការសាងសង់ឧស្សាហកម្ម ដែលប៉ះពាល់ដល់បរិស្ថាន និងដល់តំបន់ទេសចរណ៍មាត់សមុទ្រ និងឆ្នេរសមុទ្រនោះឡើយ៕

Loading...