ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុនចំនួន ៦ បោះទុនជិត ១៥០លានដុល្លារ វិនិយោគក្នុងខេត្តក្រុងចំនួន ៥

យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៦ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ១៥០លានដុល្លារអាមេរិក បង្កើតការងារជាង ៥ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តព្រះវិហារ កំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងរាជធានីភ្នំពេញ​។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង ៦ ដូចខាងក្រោម៖

១) “CHINA GREAT CAUSE (CAMBODIA) INVESTMENT CO., LTD.”:គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ)និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំស្តៅ និងឃុំចម្រើន ស្រុកសង្គមថ្មី និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ៣២,៦១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៥កន្លែង។

២) “LIANYUN (CAMBODIA) ECO-AGRICULTURE DEVELOPMENT CO., LTD.”:គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាសន្ទុក ឃុំកកោះ និងភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤៣,៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០៣កន្លែង។

៣) “JUSTEX MATERIAL CO., LTD.”: គម្រោងបង្កើតរោងចក្រផលតិសាប៊ូ ថ្នាំបោះពុម្ព និងថ្នាំជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៣,៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

៤)“HYUNDAI MAO LEGACY CO., LTD.”:គម្រោងកសិ-ឧស្សាហកម្ម តាមរូបភាពកិច្ចសន្យា-ផ្គត់ផ្គង់ កសិផល “Contract Farming” និងបង្កើតរោងចក្រវេចខ្ចប់-កែច្នៃផ្លែឈើនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៥កន្លែង។

៥)“SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENT CO., LTD”:គម្រោងបង្កើតស្ថានីយដាំឈើ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសៀមប៉ាង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ៦០,៩៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៨៨កន្លែង។

៦)“ INTERNATIONAL VCV INDUSTRY CO., LTD”:គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕

មតិយោបល់