ព័ត៌មានសេដ្ឋកិច្ច

ផ្លូវក្នុងក្រុងភ្នំពេញ ៥៧ខ្សែ នឹងចំណាយ ១០លានដុល្លារ ជួសជុលឡើងវិញ

ផ្លូវក្នុងក្រុងភ្នំពេញ ៥៧ខ្សែ ប្រវែងប្រមាណ ៦៤គីឡូម៉ែត្រ នឹងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ដើម្បីជួសជុលឡើងវិញ ក្នុងរយ:ពេល ៣ខែ។ នេះបើយោងតាមការចេញផ្សាយកាលពីម្សិលមិញនេះ​របស់ ទីភ្នាក់ងារសារព័ត៌មានជាតិ។

ក្នុងរយ:ពេល ៣ខែ ចាប់ពីចុងឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧ សាលារាជធានីភ្នំពេញ គ្រោងនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក លើយុទ្ធនាការជួសជុលផ្លូវខូច និងការបំផ្លាញពីរថយន្តធំៗ ដើម្បីធ្វើឲ្យប្រព័ន្ធផ្លូវក្នុងទីក្រុង មានភាពប្រសើរឡើងវិញ។

ការស្តារផ្លូវឡើងវិញទាំង ៥៧ខ្សែ ក្នុងខណ្ឌទាំង ៩ គឺជាយុទ្ធនាការទ្រង់ទ្រាយធំមួយ ពុំធ្លាប់មានកន្លងមក ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់ជាស្ថាពរ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់។ នេះបើយោងតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញស្តីទី។

គួរបញ្ជាក់ថា ដើម្បីឲ្យការងារនេះសម្រេចបាន ប្រកបដោយគុណភាព និងទៅតាមផែនការ រដ្ឋបាលរាជធានីភ្នំពេញ នឹងចូលរួមតាមដាន ត្រួតពិនិត្យជាមួយប្រជាពលរដ្ឋ ដើម្បីកុំឲ្យក្រុមហ៊ុនម៉ៅការ អនុវត្តន៍ខុសពីបទដ្ឋានបច្ចេកទេស៕

មតិយោបល់