អាកាសយានដ្ឋានកម្ពុជា បានទទួលអ្នកដំណើរជាង ៨.៣សែននាក់ និង ៨ពាន់ជើងហោះហើរ ក្នុងខែមករា ឆ្នាំ ២០១៧នេះ ដែលកើនឡើងខ្លាំង បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។
ចំនួនអ្នកដំណើរមកកាន់អាកាសយានដ្ឋានកម្ពុជា កើនឡើងប្រមាណ ១៩.៧ភាគរយ ខណៈជើងហោះហើរកើនឡើងប្រមាណ ១៥.៥ភាគរយ បើធៀបនឹងពេលខែមករា កាលពីឆ្នាំ ២០១៦ រីឯទំនិញនាំចេញ និងនាំចូល កើនឡើង ២៨.៥ភាគរយ រហូតដល់ជាង ៤ពាន់តោន។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរជាង ៤.៦សែននាក់ លើសអាកាសយានដ្ឋានភ្នំពេញ ដែលទទួលបាន ៣.៥សែននាក់ ដែលនេះ អាចបង្ហាញពីកំណើនភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅខេត្តសៀមរាប ច្រើនជាងភ្នំពេញផងដែរ។
យ៉ាងណាមិញ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ក៏ទទួលបានអ្នកដំណើរ ៣.៣ម៉ឺននាក់ ដែលកើនឡើងប្រមាណជា ១៨៣ភាគរយផងដែរ។
គួរជម្រាបដែរថា ក្នុងឆ្នាំ ២០១៦ ជើងហោះហើរត្រង់ថ្មីចំនួន ១៣ខ្សែ មកពីជុំវិញតំបន់ បានចាប់ផ្តើមធ្វើប្រតិបត្តិការហោះហើរត្រង់មកកម្ពុជា ដែលបានបង្ហាញពីការរីកលូតលាស់ដ៏ល្អប្រសើរនៃ ទំនាក់ទំនងផ្លូវអាកាសរបស់កម្ពុជា៕
មតិយោបល់