ព័ត៌មានអន្តរជាតិ

ពុលស្រានៅប៉ាគីស្ថាន ស្លាប់មនុស្ស ២៦ នាក់

ប៉ាគីស្ថានៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់ស្លាប់ និងអ្នកផ្សេងជាច្រើននាក់ទៀត សន្លប់អត់ខ្លួន បន្ទាប់ពួកគេបានផឹកស្រា អំឡុងពេលថ្ងៃបុណ្យណូអែល នៅស្រុក Toba Tek Singh ភាគខាងកើតប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

អ្នកស្រុកប្រមាណជាង ៥០ នាក់ ស្ថិតនៅតំបន់ Mubarakbad ដែលទទួលទានស្រានៅផ្ទះ កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃចន្ទ បន្ទាប់ពីទទួលរងបញ្ហាឈឺក្រពះ ហើយបើតាមរាយការណ៍ទូរទស្សន៍ Dunya បាននិយាយថា មនុស្សស្លាប់ ២៤ នាក់ រួមមានពួកគ្រីស្ទាន និងម៉ូស្លីមពីរនាក់ផងដែរ។

សម្រាប់ប្រជាជនរងគ្រោះ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានផ្លាស់ពីមន្ទីរពេទ្យស្រុក Toba Tek Singh ទៅកាន់មន្ទីរពេទ្យសម្ព័ន្ធមិត្តទីក្រុង Faisalabad ។

ប៉ូលិសបាននិយាយថា អ្នកលក់ស្រាពីរនាក់បានស្លាប់ ក្នុងចំណោមនោះផងដែរ ហើយមកទល់ពេលនេះ ការស៊ើបអង្កេតលើបញ្ហានេះ កំពុងត្រូវបានដំណើរការ៕

មតិយោបល់